រដ្ឋ ត្រៀមបញ្ចេញប្រាក់សន្សំ ប្រមាណ២០០លានដុល្លារ ដើម្បីបំពេញការចំណាយប្រចាំឆ្នាំនេះ

ភ្នំពេញ៖ ក្នុងឆមាសទី១ ការប្រមូលចំណូលថ្នាក់ជាតិ គឺសម្រេចបានត្រឹម ១៤ ៩៥៩ ០៣៥លានរៀល (ប្រមាណ ៣ ៧០០លានដុល្លារអាម៉េរិក)។ រហូតដល់ដំណាច់ឆ្នាំ២០២៥ ការចំណូលនេះអាចសម្រេចត្រឹម៩៧,៥ភាគរយប៉ុណ្ណោះ ខណៈការចំណាយប្រចាំឆ្នាំមានសន្ទុះលឿន និងទំហំធំជាងចំណូលនេះ។ ការណ៍នេះ រដ្ឋាភិបាល​នឹងមានការចាំបាច់ត្រូវប្រើប្រាស់ប្រាក់សន្សំរបស់រដ្ឋាភិបាលផ្ទាល់ដល់២០៩លានដុល្លារ​ដើម្បីបំពេញការចំណាយប្រចាំឆ្នាំប្រមាណ៨,៧ពាន់លានដុល្លារ។

ចំណូលថវិកាថ្នាក់ជាតិឆមាសទី១ ឆ្នាំ ២០២៥ អនុវត្តបាន ៥៣,៤ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ គឺមាន សន្ទុះលឿនជាង ៧,៩ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ចំណែកឯផ្នែកចំណាយថវិកា ថ្នាក់ជាតិវិញ, មានសន្ទុះលឿនជាងឆ្នាំ ២០២៤ ពោលគឺសម្រេចបាន ៥៤,៦ភាគរយ (គិតទាំងបុរេប្រទាន) នៃច្បាប់ ហិរញ្ញវត្ថុ។ តាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតដល់ដំណាច់ឆ្នាំ, ឱនភាពថវិកាសរុបឆ្នាំ ២០២៥ នឹងមានទំហំ -៧ ១៩៨ ១៩៤ លានរៀល សមមូលនឹងប្រមាណ ១ ៧៧៦ លានដុល្លារអាម៉េរិក។ ចំនួននេះ ត្រូវជា ៣,៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ( ផ.ស.ស.) គឺខ្ពស់ ជាងឱនភាពថវិការដ្ឋសរុបដែលបានគ្រោងក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥ ស្មើនឹង ៣,០៩ភាគរយ នៃ ផ.ស.ស.។

«ក្នុងស្ថានភាពនេះ បន្ថែមលើទំហំហិរញ្ញប្បទានដែលបានកំណត់ដោយច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥, រាជរដ្ឋាភិបាល អាចនឹងមានការចាំបាច់ត្រូវប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលក្នុងទំហំប្រមាណ ៨៤៥ ៨៨២ លានរៀល សមមូលនឹងប្រមាណ ២០៩ លានដុល្លារអាម៉េរិក ដើម្បីបំពេញតម្រូវការចំណាយតាមការគ្រោងទុក ក៏ដូចជាដើម្បីរក្សាតុល្យភាពថវិកាឆ្នាំ ២០២៥»។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់បែបនេះនៅក្នុងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងលទ្ធផលប៉ាន់ស្មាននៃការអនុវត្តថវិកាឆ្នាំ២០២៥​ ដែលទើបផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២១ ខែសីហា។​

ផ្ទុយទៅវិញ ប្រសិនបើការអនុវត្តការប្រមូលចំណូល ជាពិសេសចំណូលពន្ធ និងអាករគយ ព្រមទាំងចំណូលពន្ធដារ សម្រេចបានលទ្ធផលប្រសើរជាងការប៉ាន់ស្មាននេះ, នោះរដ្ឋាភិបាលអាចរក្សាបាននូវគោលការណ៍មិនប្រើប្រាស់ប្រាក់សន្សំ ដូចបានគ្រោងទុកនៅពេលរៀបចំច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥ ស្របតាមគោលការណ៍ពង្រឹង ប្រសិទ្ធភាពចំណាយជាជំហានរបស់រាជរដ្ឋាភិបាល។

ក្នុងឆមាសទី១កន្លងមកនេះ ការប្រមូលចំណូលថ្នាក់ជាតិ គឺសម្រេចបានត្រឹម ១៤ ៩៥៩ ០៣៥លានរៀល (ប្រមាណ ៣ ៧០០លានដុល្លារអាម៉េរិក)។ ក្នុងនោះ ចំណូលចម្បងពីការប្រមូលពន្ធដារមាន ៧ ១៨​៦ ០៦១លានរៀល (ជាង ១ ៧៨០លានដុល្លារ)។ ក៏ប៉ុន្តែ តាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច រហូតដល់ដំណាច់ឆ្នាំនេះ, ចំណូលពីពន្ធដារ​គឺសម្រេចបានត្រឹម៨៦,៥ភាគរយប៉ុណ្ណោះនៃផែនការប្រចាំឆ្នាំ។ ការណ៍នេះ ក៏ព្រោះតែការបន្តថមថយនៃពន្ធលើប្រាក់ចំណូល, អាករលើតម្លៃបន្ថែម​ និងអាករពិសេស ខណៈចំណូលពីវិស័យមួយចំនួនដូចជា៖ វិស័យសាងសង់ និងអចលនទ្រព្យ បន្តមានកំណើនយឺត គួបផ្សំជាមួយនឹងការបន្តអនុវត្តគោលនយោបាយទឹកនានារបស់រដ្ឋាភិបាល។​

ជាមួយគ្នានេះ ការប្រមូលចំណូលពន្ធគយគឺសម្រេចបាន​ ៥ ៩៤៨ ៩១៣លានរៀល (ជិត១៥០០លានដុល្លារ)​ ដែលស្មើនឹង៥៨,៦ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៥។ ទំហំនេះ បន្តមាននិន្នាការកើនឡើងដោយតាមប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច ការប្រមូលពន្ធគយប្រចាំឆ្នាំនេះគឺអាចសម្រេចបានដល់១១១,៥ភាគរយ។

ដោយឡែក ការចំណាយរបស់រដ្ឋាភិបាលក្នុងឆមាសទី១ វិញ គឺ១៥ ៥៧៨ ៥៣៩លានរៀល ស្មើនឹង៥៤,៦ភាគរយនៃច្បាប់ហិរញ្ញវត្ថុ​ប្រចាំឆ្នាំដែលមានសរុប ២៨ ៥២៦ ៩០៥លានរៀល។​ ក្នុងនោះ ការចំណាយចរន្តសរុបតាមអាណត្តិបើកប្រាក់សម្រាប់ឆមាសទី១ អនុវត្តបាន៥៣,២ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ។ អត្រានេះ គឺមានសន្ទុះលឿនជាង ៤,៨ ពិន្ទុភាគរយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលអនុវត្តបាន៤៨,៤ភាគរយនៃច្បាប់ហិរញ្ញវត្ថុ។

ចំណាយបន្ទុកបុគ្គលិក ដែលមានសមាមាត្រ ៤៤,៤ភាគរយ នៃចំណាយចរន្តថ្នាក់ជាតិសរុប អនុវត្តបាន ៥ ២១១ ១៩៦ លានរៀល ស្មើនឹង ៤៩,១ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ គឺមានសន្ទុះលឿនជាង ៣,៦ ពិន្ទភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលអនុវត្តបាន ៤៥,៥ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ។ តែបើគិតចំណាយជាសាច់ប្រាក់កើនចំនួន ១១,៧ភាគេយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ជារួម, ប្រាក់បៀវត្សរបស់ មន្ត្រីរាជការ គឺអនុវត្តបានល្អ ខណៈចំណាយមិនមែនបន្ទុកបុគ្គលិក ដែលមានសមាមាត្រ ៥៥,៦ភាគរយ នៃចំណាយចរន្តថ្នាក់ជាតិសរុប អនុវត្តបានចំនួន ៧ ៤៩២ ៨៧២ លានរៀល ស្មើនឹង ៥៦,៤ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ គឺមានសន្ទុះលឿនជាងចំនួន ៥,៨ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលអនុវត្តបាន ៥០,៦ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ។ ក៏ប៉ុន្តែ, បើគិតចំណាយជាសាច់ប្រាក់កើនចំនួន ៩,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។

បើពិនិត្យទៅមើលការអនុវត្តចំណាយចរន្តតាមវិស័យនានាវិញ វិស័យការពារជាតិ សន្តិសុខ  និងសណ្តាប់ធ្នាប់សាធារណៈ គឺអនុវត្តបានចំនួន ២ ៦៦៩ ២៤២ លានរៀល ស្មើនឹង ៤៧,៥ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ។ ចំនួននេះ គឺមានសន្ទុះលឿនជាង ២,៣ ពិន្ទុភាគរយ ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលអនុវត្តបាន ៤៥,២ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ហើយបើគិតចំណាយជាសាច់ប្រាក់កើនចំនួន ៨,២ភាគរយ។

ក្នុងនោះ ចំណាយបន្ទុកបុគ្គលិក អនុវត្តបានចំនួន ២ ២៦៤ ៨៥០ លានរៀល ស្មើនឹង ៤៩,៧ភាគរយ នៃ ច្បាប់ហិរញ្ញវត្ថុ គឺមានសន្ទុះលឿនជាង ០,៨ ពិន្ទុភាគរយ។ បើគិតចំណាយជាសាច់ប្រាក់កើនចំនួន ៤,១ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០២៤។ ចំពោះចំណាយមិនមែនបន្ទុកបុគ្គលិក អនុវត្តបានចំនួន ៤០៤ ៣៩២ លានរៀល ស្មើនឹង ៣៨ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ គឺមានសន្ទុះលឿនជាងចំនួន ៨,៨ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលអនុវត្តបាន ២៩,២ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ, បើគិតចំណាយជាសាច់ប្រាក់កើនចំនួន ៣៨,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។

ការចំណាយខ្ពស់នេះ គឺដោយសារមានការបន្ថែមឥណទានជូនក្រសួងមហាផ្ទៃ សម្រាប់ទូទាត់ កិច្ចសន្យាជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់, គោលរបបឧបត្ថម្ភជនជាប់ឃុំ, និងការរៀបចំពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី ៨០ ឆ្នាំ ២០២៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា, ក្រសួងយុត្តិធម៌ សម្រាប់គាំទ្រ ការអនុវត្តវិធានការគន្លឹះ “ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌”។​ និង ការបន្ថែមឥណទានដល់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សម្រាប់ការអនុវត្តសកម្មភាពគាំទ្រដល់ការចុះវាស់វែងបោះបង្គោលព្រំដែន កម្ពុជា-ថៃ, កម្ពុជា-ឡាវ និងថវិកាសម្រាប់ការថែទាំមជ្ឈមណ្ឌលតម្កល់ឯកសារ ផែនទី និងទិន្នន័យព្រំដែន។

ជារួម ក្រសួង ស្ថាប័នទាំងអស់នៃវិស័យការពារជាតិ កំពុងផ្តោតលើការអនុវត្តសកម្មភាពអាទិភាព សំខាន់ៗ ដើម្បីសម្រេចសមិទ្ធកម្មគន្លឹះៗតាមគោលដៅកំណត់។​ ក្នុងនោះមានការពង្រឹងសមត្ថភាពនគរបាល និងកងកម្លាំងប្រដាប់អាវុធ និងការបន្តគាំទ្រដល់ការអនុវត្តកិច្ចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាព រួមទាំងកិច្ចប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ។

ក្រៅពីនេះ ក្រសួង ស្ថាប័នទាំងអស់នៃវិស័យការពារជាតិ  ក៏បន្តគាំទ្រដល់ការអនុវត្តកិច្ចការ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការបន្តគាំទ្រដល់ការផលិតលិខិតឆ្លងដែន និងប្រតិបត្តិការផលិត អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, ការបន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព”។ ការគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ការគាំទ្រដល់ ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ តាមរយៈការអនុវត្តយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។​

ការបន្តគាំទ្រដល់កិច្ចដំណើរការរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សាលា-ជម្រះក្តីគ្រប់ជាន់ថ្នាក់ និងរដ្ឋបាលតុលាការ, ការបន្តគាំទ្រដល់ប្រព័ន្ធគ្រប់គ្រងសំណុំរឿងក្តីនៅតាម សាលាជម្រះក្តី និងការពង្រឹងការគ្រប់គ្រងទិន្នន័យសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ការគាំទ្រដល់ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាពិសេស ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសាការី។​ ការបន្តផ្តល់ថវិកាការពារក្តីជូនគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់សេវា ការពារក្តីដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ និងការបន្តគាំទ្រសកម្មភាពការងារពាក់ព័ន្ធនឹង កិច្ចការព្រំដែន, ការចុះវាស់វែង, ថែទាំ និងបោះបង្គោលព្រំដែន។ ទាំងនេះ ក៏ជាអ្វីដែលក្រសួង ស្ថាប័នទាំងអស់នៃវិស័យការពារជាតិកំពុងយកចិត្តទុកដាក់​ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពទៅតាមផែនការបានកំណត់។​

សកម្មភាពទាំងអស់នេះហើយជាហេតុធ្វើឱ្យការចំណាយរដ្ឋាភិបាលប្រចាំឆ្នាំ២០២៥មានកំណើនលើសផែនការខ្ពស់គួរឱ្យកត់សម្គាល់ ខណៈ​ចំណូលអាចសម្រេចបានទាបជាងផែនការ៕

អត្ថបទដែលជាប់ទាក់ទង