កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តកណ្តាល រហូតឃាត់ខ្លួនបានជនសង្ស័យចាក់សម្លាប់ម្ចាស់ផ្ទះជួល

កម្លាំងសមត្ថកិច្ចនាយដ្ឋានព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តរតនគិរី ស្រាវជ្រាវ ករណីឃាតកម្ម ជនសង្ស័យម្នាក់ ខឹងចិត្ត និងបានចងគំនុំជាមួយម្ចាស់ផ្ទះជួល យកកាំបិតមុខស្រួចចាក់សម្លាប់យ៉ាងសាហាវ ព្រោះតែម្ចាស់ផ្ទះជួល បានធ្វើការណែនាំ កុំអោយហូបចុកឡូឡា រំខានដល់អ្នកជិតខាង។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះដល់ទីតាំងកើតហេតុ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យជុំវិញទីតាំងកើតហេតុ។

គួររំលឹកផងដែរថា ករណីចាក់សម្លាប់នេះដែរបានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៧ និង៤៥នាទីយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះមួយកន្លែង តាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះមានវ័យជាង ៦០ឆ្នាំ ដែលជាម្ចាស់ផ្ទះជួល បានណែនាំទៅកាន់ ជនសង្ស័យ ព្រោះជនសង្ស័យតែងតែ ហូប ចុកនិងចាក់បាស់ឡូឡារំខានដល់អ្នកជិតខាង ជាញឹកញាប់ ធ្វើអោយជនសង្ស័យបានចងចិត្ត គុំកួន ទៅលើម្ចាស់ផ្ទះ ។ រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យឃើញឪកាសល្អ ក៏បានកាន់កាំបិតមុខស្រួចជាប់ និងដៃ ស្ទុះទៅចាក់សម្លាប់ ជន រងគ្រោះ នៅខាងក្នុងផ្ទះតែម្តង បណ្តាលអោយ ស្លាប់យ៉ាងអនោចអធម៍។

លុះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣៖២០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តកណ្តាល រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅចំណុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។

ជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា បណ្តាលអោយស្លាប់ ប្រាកដមែន មូលហេតុដោយសារតែខឹងជនរងគ្រោះហាមឃាត់កុំអោយខ្លួនស្រែកឡូឡាពេក។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង