លោកឧ.ប សាយ សំអាល់៖ ក្រោមការអភិវឌ្ឍ​សហគមន៍នេសាទឱ្យក្លាយជាកន្លែងទេសចរណ៍ គឺដើម្បីកែប្រែជីវភាពពលរដ្ឋក្នុងតំបន់ឱ្យកាន់តែប្រសើរ

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តកំពតបានលើកឡើងថា ក្រោមកិច្ចខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាក្រោយបញ្ចប់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាង ៣ឆ្នាំ រយៈពេលជាង២០ឆ្នាំមកនេះប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ និងគិតគូរជាចម្បងដើម្បីលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការបង្កើតមុខរបរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបង្កភាពងាយស្រួលក្នុងការប្រកបរបររកស៊ី។

យ៉ាងណាម៉ិញ ការអភិវឌ្ឍសហគមន៍នេសាទឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺដើម្បីកែប្រែជីវភាពរបស់ពលរដ្ឋក្នុងតំបន់ឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ដែលមាន សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទ អូក្រសារខេត្តកែប នៅសហគមន៍នេសាទព្រែកត្នោត លោក សាយ សំអាល់ បានលើកឡើងថា ក្រោយពីប្រទេសកម្ពុជាងើបពីគំនរផេះផង់ ហើយទទួលបានសុខសន្តិភាពដែលយកមកដោយលំបាកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាត្រូវបានអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ហើយការអភិវឌ្ឍនេះក៏បានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់។

លោក សាយ សំអាល់ បន្តថា ទន្ទឹមនឹងការអភិវឌ្ឍប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរជានិច្ចចំពោះសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់បណ្តាខេត្ត-ក្រុង ត្រូវកែច្នៃអភិវឌ្ឍន៍តំបន់នានាក្នុងមូលដ្ឋានខ្លួនឱ្យមានភាពទាក់ទាញ ក្នុងន័យដើម្បីប្រជាពលរដ្ឋអាចទទួលផលពីតំបន់នោះ ហើយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

លោកឧបនាយករដ្ឋមន្ដ្រីបានលើកឡើងថា ការអភិវឌ្ឍសហគមន៍នេសាទឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺមានគោលដៅមួយចំនួនដូចជា ចង់ឱ្យប្រជានេសាទមានជម្រើសច្រើនក្នុងការប្រកបមុខរបរ, មានចំណូលជាប្រចាំ, មានប្រាក់សន្សំ, កាត់បន្ថយបំណុលគ្រួសារ, មានផ្ទះសំបែងរស់នៅសមរម្យ, មានម្ហូបអាហារគ្រប់គ្រាន់ ពិសេសអាចបញ្ជូនកូនៗទៅសិក្សា។ ក្រោយពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេររួចរាល់ ប្រជានេសាទនឹងទទួលបានផលពីវិស័យទេសចរណ៍នេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយផ្អែកលើចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមការឱ្យដឹងពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្តកំពតមានសហគមន៍នេសាទចំនួន៩ ក្នុងនោះមាន៖ សហគមន៍នេសាទត្រពាំងរពៅ, សហគមន៍នេសាទព្រែកត្នោត, សហគមន៍នេសាទចង្ហោន, សហគមន៍នេសាទកែបថ្មី, សហគមន៍នេសាទទទឹងថ្ងៃ, សហគមន៍នេសាទត្រពាំងសង្កែ, សហគមន៍នេសាទកំពង់សាមគ្គី, សហគមន៍នេសាទកោះគ្រឹះស្នា និងសហគមន៍នេសាទលក។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា ការបង្កើតឱ្យមានសហគមន៍នេសាទនេះ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្ទេរសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឱ្យចូលរួមគ្រប់គ្រងធនធានជលផលនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយចិរភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ហើយឈានទៅចាត់ទុកថាខ្លួនជាម្ចាស់ផ្ទាល់លើធនធានទាំងនោះ ដើម្បីទទួលបានផលប្រយោជន៍ពីធនធានទាំងនោះប្រកបដោយសមធម៌៕

អត្ថបទដែលជាប់ទាក់ទង