WHO រក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ ប្រភេទ​ BA.3.2 ខណៈកម្ពុជាមិនទាន់រកឃើញនៅឡើយទេ

អង្គការ​សុខភាពពិភពលោក​ (WHO) បានជូនដំណឹងស្តី​ពី​ការ​រក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ ប្រភេទ​ BA.3.2 ដែលហៅឈ្មោះថា “Cicada” ខណៈកម្ពុជា មិនមានការរកឃើញមេរោគប្រភេទនេះនៅឡើយទេ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង។​

តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣០ ខែមីនា នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានឱ្យដឹងថា អង្គការ​សុខភាពពិភពលោក​ (WHO) បានជូនដំណឹងស្តី​ពី​ការ​រក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ ប្រភេទ​ BA.3.2 ដែលហៅឈ្មោះថា “Cicada” គឺជាពូជពង្សកូនចៅរបស់ប្រភេទ​ Omicron ដែលធ្លាប់​ឆ្លងកន្លងមក​។

បើតាមនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង «អង្គការសុខភាពពិភពលោក​ចាត់​ទុក​ វ៉ារ្យ៉ង់​បំប្លែង​ថ្មី​ ស្ថិតនៅក្រោមការតាមដាន​ (Variants of Monitoring)។ មេរោគ​នេះ បានរកឃើញនៅ​សហរដ្ឋអាមេរិក​ ជប៉ុន កេនយ៉ា ហូឡង់ និងចក្រភពអង់គ្លេស​ និង​មិន​ទាន់​រកឃើញឆ្លងមកតំបន់យើងនៅឡើយទេ»​។

ផ្អែកលើទិន្នន័យសកលបច្ចុប្បន្ន មិនមានភស្តុតាងថាមានការរីករាលដាល​ និងភាពធ្ងន់ធ្ងរកើនឡើងទេ​។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​កំពុងតាមដានយ៉ាងសកម្ម​ និងមិនទាន់មានការរកឃើញនៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយទេ​៕

អត្ថបទដែលជាប់ទាក់ទង