ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាស្ពានខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសអ៉ីរ៉ង់ត្រូវបានកម្ទេច

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាស្ពានខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសអ៉ីរ៉ង់ត្រូវបានកម្ទេច ប៉ុន្មានម៉ោងបន្ទាប់ពីរូបលោកបានគំរាមទម្លាក់គ្រាប់បែក រហូតធ្វើឱ្យអ៉ីរ៉ង់ វិលត្រឡប់ទៅរកយុគសម័យថ្មវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

លោក Ghodratollah Seif ជាអភិបាលរងនៃខេត្ត Alborz ជាទីដែលស្ពាន B1 ស្ថិតនៅ បាននិយាយថាការវាយប្រហារបានសម្លាប់មនុស្ស៨នាក់ និង៩៥នាក់ផ្សេងទៀតបានរងរបួស។ ប៉ុន្តែ ដោយសារតែការរឹតត្បិត អ្នកសារព័ត៌មាន​ AFP មិនអាចចូលទៅកាន់ទីតាំងរងការវាយប្រហារនោះទេ ហើយក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីតួលេខអ្នកស្លាប់ និងរងរបួសនោះដែរ។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមវិញ លោក ត្រាំ បង្ហោះពីរូបភាពផ្សែងហុយខ្មួលខ្មាញ់ចេញពីទីតាំងស្ពាន B1 ដែលស្ថិតនៅចម្ងាយ ៣៥គីឡូម៉ែត្រពីភាគនិរតីពីទីក្រុងតេហេរ៉ង់ ហើយថែមទាំងព្រមានទៀតផងថាការបំផ្លិចបំផ្លាញនឹងបន្តកើតឡើងរហូតទាល់តែអ៉ីរ៉ង់ត្រឡប់ទៅរកតុចរចាដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេល៥សប្ដាហ៍មកនេះ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ស្ពាន B1 ដែលកំពុងស្ថិតនៅក្រោមការសាងសង់នៅឡើយ គឺជាស្ពានខ្ពស់ជាងគេបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ាដោយសរសរស្ពានមួយមានកម្ពស់ ១៣៦ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង