សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ថ្ងៃទី៦-៩ ខែមេសា

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ច ការងារ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដី តែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។

អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹង ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕

អត្ថបទដែលជាប់ទាក់ទង