កងទ័ពអ៊ីស្រាអែល ប្រកាសថា នឹងឈរជើង កាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល

ទោះអាមេរិក-អ៊ីរ៉ង់ សុខចិត្តថយម្នាក់មួយជំហាន ងាកទៅរកសន្តិភាព ពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ​ដែលអូសបន្លាយពេលអស់ប៉ុន្មានខែមកនេះ ក៏ដោយ ប៉ុន្តែសល់តែអ៊ីស្រាអែលប៉ុណ្ណោះ ដែលនៅតែគឃ្លើន មិនព្រមបោះបង់មហិច្ចតាឈ្លានពានទឹកដីប្រទេសដទៃ ទាំងឥតខ្វល់ ទោះមានការព្រមានពីទីក្រុងវ៉ាស៊ីនតោន ហើយមកទល់ពេលនេះ ថែមទាំងប្រកាសទៀតថា ខ្លួននឹងកាន់កាប់ផ្នែកខ្លះនៃប្រទេសលីបង់, ស៊ីរី និងតំបន់ហ្គាហ្សា ដោយគ្មានកំណត់ពេល។

កងទ័ពអ៊ីស្រាអែល 

ពាក្យសម្តីនេះគឺចេញពីមាត់ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz ដែលអះអាងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ និងផ្សាយដោយ RT ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តឈរជើងដោយគ្មានកំណត់ពេល នៅក្នុង «តំបន់សន្តិសុខ»។ មិនឲ្យប្រវត្តិសាស្រ្តច្រំដែលឡើយ! កងទ័ព នឹងមិនដកចេញពីដែនដីទ្រនាប់ ដែលត្រូវបានសម្អាត និងដណ្តើមបាននោះ ទៀតទេ។

លោកនិយាយថា នៅលីបង់! ទោះបីជាថ្មីៗនេះ រដ្ឋាភិបាលទីក្រុងបេរូត បានចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាព ដែលរៀបរៀងដោយសហរដ្ឋអាមេរិក ក្នុងបំណងឲ្យក្រុមហេសបូឡា ទម្លាក់អាវុធចុះក៏ដោយ ក៏អ៊ីស្រាអែល នៅតែរក្សាជំហរថា កងទ័ពរបស់ខ្លួន នឹងមិនដកចេញពីភាគខាងត្បូងប្រទេសលីបង់ឡើយ។ កងទ័ព នឹងបន្តកាន់កាប់ទីតាំង នៅតាមចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ដែលលាតសន្ធឹងរហូតដល់ទន្លេ Litani លុះត្រាតែ ក្រុមហេសបូឡា រំសាយអាវុធអស់ទាំងស្រុង។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz 

នៅស៊ីរី! បន្ទាប់ពីការដួលរលំនៃរបបលោក Bashar al-Assad អ៊ីស្រាអែល បានដណ្តើមយកដែនដីទ្រនាប់តាមព្រំដែន រួមទាំងភ្នំ Hermon ផងដែរ។ កងកម្លាំង IDF មានបំណងគ្រប់គ្រងតំបន់គ្មានយោធាទាំងនេះជាអចិន្ត្រៃយ៍ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធអរិភាព ឬក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ មិនឲ្យបង្កើតមូលដ្ឋានទ័ព នៅជិតតំបន់ Golan Heights បាន។

ចំណែកនៅហ្គាហ្សា, វត្តមានយោធា បានកែប្រែដែនដីប្រហែល ៣០% ឲ្យទៅជាតំបន់ទ្រនាប់សន្តិសុខអចិន្ត្រៃយ៍។ លោក Katz ឲ្យសញ្ញាថា IDF នឹងបន្តរក្សាការគ្រប់គ្រងដែនដីនេះ ដរាបណាក្រុមហាម៉ាស  នៅតែមិនព្រមចុះចាញ់ និងមិនព្រមដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់។

កងទ័ពអ៊ីស្រាអែល

មុននេះផងដែរ មានរបាយការណ៍ថា ​អ៊ីស្រាអែល បានចំណាយលុយអស់ជិត ២០៥ពាន់លានដុល្លារហើយ សម្រាប់សង្គ្រាមនៅ​ហ្គាហ្សា លីបង់ ស៊ីរី និងអ៊ីរ៉ង់ ​ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។

ការ​ចំណាយលើវិស័យការពារជាតិ​មានចំនួន​ជិត​ ៧១.២ ប៊ីលានដុល្លារ​នៃ​ចំនួន​សរុប ខណៈ​ការទូទាត់​សំណងបានឈាន​ដល់ ៩.៦ប៊ីលានដុល្លារ ការចំណាយ​ផ្សេងៗរបស់​ជនស៊ីវិលមានចំនួន ១៦.៧ប៊ីលានដុល្លារ និងការចំណាយលើការ​ប្រាក់​ដែលទាក់ទងនឹង​បំណុលសាធារណៈកាន់តែខ្ពស់​ ចំនួន ៥.៥ប៊ីលានដុល្លារ​។

ក្នុងនោះ ការចំណាយលើយោធា គឺអស់ច្រើនជាងគេ ពោលគឺប្រហែល ៧១.២ ពាន់លានដុល្លារ ដែលចាយសម្រាប់ប្រតិបត្តិការយោធា និងការចល័តទ័ពបម្រុង៕

អត្ថបទដែលជាប់ទាក់ទង