មន្ត្រីសាខា ក ប ប ខេត្តតាកែវ និងខេត្តកណ្ដាល ដុតកម្ទេចចោលប្រហិត និងសាច់បង្កកជាង ១៦តោន
មន្ត្រីជំនាញសាខា ក ប ប ខេត្តតាកែវ និងខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការដុតកម្ទេចចោលផលិតផលទំនិញប្រហិតហតដក ប្រហិតសាច់ក្តាម និងសាច់បង្កកខូចគុណភាពសរុបជាង១៦តោន ក្រោយរកឃើញពីការលួចនាំចូល និងនៅតាមឃ្លាំងស្តុកចែកចាយមួយចំនួន។

បើតាមមន្ត្រីជំនាញ សាច់បង្កក និងប្រហិតដែលត្រូវបានដុតកម្ទេចចោលជាង១៦តោននេះ ធ្វើឡើងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងធានានូវការធ្វើធុរកិច្ចដោយសុចរិត។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក ប ប បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ បានចូលរួមត្រួតពិនិត្យ និងធ្វើតេស្តបឋមលើទំនិញប្រហិតហតដក ចំនួន ១៤បាវ ស្មើនឹង ៤៣៤គីទ្បូក្រាម និងប្រហិតសាច់ក្តាម ចំនួន ៥កេស ស្មើនឹង ៥០គីទ្បូក្រាម ដែលបានឃាត់ទុកដោយការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្តតាកែវ អាជ្ញាធរដែនដី និងមន្រ្តីពាក់ព័ន្ធ។ ជាលទ្ធផល មន្រ្តីជំនាញសាខា ក.ប.ប. បានរកឃើញទំនិញទាំងពីរមុខនេះ ដឹកជញ្ជូនមិនសមស្របតាមលក្ខណៈបច្ចេកទេស និងមិនមានអនាម័យត្រឹមត្រូវ(ខូចគុណភាព) និងមិនមានឯកសារបញ្ជាក់ត្រឹមត្រូវ។ ដោយមានការឯកភាពគ្នារវាងសមត្ថកិច្ចចម្រុះ ទំនិញត្រូវបានដកហូត និងដុតកម្ទេចចោលតាមនីតិវិធីជាធរមាន។

ចំណែកនៅឯខេត្តកណ្ដាលឯណោះវិញ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល នៅថ្ងៃដដែលក៏បានសហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធី និងឯកភាពដោយអយ្យការអមសាលាដំបូងខេត្ត បានធ្វើការដុតកម្ទេចចោលទំនិញជាសាច់បង្កក និងទំនិញប្រហិតមួយចំនួនសរុបចំនួន១៦,២៤០គីឡូក្រាម ដែលបានរកឃើញនៅតាមទីតាំងឃ្លាំងស្ដុក និងចែកចាយក្នុងខេត្តកណ្តាលនាពេលកន្លងមក នៅទីលានសំរាមខណ្ឌដង្កោ។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាធានាឱ្យមានការប្រកួតប្រជែងលើទីផ្សារដោយសុចរិត ហើយក៏អំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមសហការក្នុងការផ្តល់ព័ត៌មានអំពីអំពើដែលប៉ះពាល់ដល់សិទ្ធិ និងអត្ថប្រយោជន៍អ្នកប្រើប្រាស់ ឬប៉ះពាល់ដល់សុវត្ថិភាពម្ហូបអាហារ តាមរយៈលេខទូរសព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦៕











