រដ្ឋមន្ត្រី ហួត ហាក់៖ ភ្នំគូលែននឹងត្រូវអភិវឌ្ឍជាគោលដៅទេសចរណ៍សំខាន់ បន្ទាប់ពីតំបន់អង្គរ
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ និងប្រតិបត្តិករទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ក្នុងគោលបំណងដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ និងស្តាប់ពីបញ្ហាប្រឈម និង សំណូមពររបស់សហគមន៍នានានៅឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន»។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, តំណាងគ្រឹះស្ថានអង្គរ, ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, លោកមេឃុំ, អាជ្ញាធរដែនដីមានសមត្ថកិច្ចពាក់ព័ន្ធតំណាងក្រុមហ៊ុននគរគោកធ្លក ព្រមទាំងលោកអ៊ំ ពូ មីង បងប្អូន ប្រជាសហគមន៍ទាំង ៥ សរុបប្រមាណ ២០០នាក់។
រដ្ឋមន្ត្រី ហួត ហាក់ បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះលោកអ៊ំ ពូ មីង បងប្អូន ប្រជាសហគមន៍ទាំង ៥ នៅឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន»។
ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណដល់បងប្អូនប្រជាសហគមន៍ទាំងអស់ ដែលបានលះបង់សព្វគ្រប់បែបយ៉ាង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិរក្សធនធានធម្មជាតិ និង ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដល់ភ្ញៀវទេសចរពីគ្រប់ទិសទី។
រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងអំពី ចក្ខុវិស័យក្នុងការប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន មានសក្តានុពល និងភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ ជាគោលដៅទេសចរណ៍ដ៏សំខាន់បន្ទាប់ពីតំបន់អង្គរ។
លោកបន្តថា ការរៀបចំផែនការមេនេះ គឺមានគោលបំណងអភិវឌ្ឍភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍ដែលមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព រក្សាបាននូវតម្លៃធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងជំនឿ ព្រមទាំងបង្កើនបទពិសោធន៍ដល់ភ្ញៀវទេសចរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាពេញមួយឆ្នាំ ជាពិសេសទាំងក្នុង High Season និងរដូវកាលបៃតង(Green Season) ស្របតាមទិសដៅអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានឧបត្ថម្ភដល់សហគមន៍ទាំង ៥ នៅឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ក្នុង១សហគមន៍ទទួលបានថវិកា ១លាន រៀល, សម្ភារៈ សម្រាប់ប្រើប្រាស់ ក្នុង រដូវវស្សា៖ ឆ័ត្រ Green Season ចំនួន ២០ និងអាវភ្លៀង Green Season ចំនួន ២០ ផងដែរ៕
