សូមប្រុងប្រយ័ត្ន! ជនខិលខូចក្លែងបន្លំធ្វើជាគណនី Telegram ដោយប្រើឈ្មោះរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីប្រព្រឹត្តអំពើទុច្ចរិត
(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ជនខិលខូចក្លែងបន្លំធ្វើជាគណនី Telegram ប្រើប្រាស់រូបថត និងឈ្មោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោករដ្ឋមន្ត្រីផ្ទាល់។
ក្រសួងកំពុងសហការជាមួយក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើឆបោក និងសកម្មភាពខុសច្បាប់ ព្រមទាំងឈានទៅចាត់វិធានការសមស្របតាមផ្លូវច្បាប់។
ក្រសួងព័ត៌មានក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគណនីបណ្តាញសង្គម ជាពិសេសគណនីតេឡេក្រាម ដែលប្រើប្រាស់ឈ្មោះ និងរូបភាពរបស់មន្ត្រីរាជការ ឬស្ថាប័នរដ្ឋ។ ប្រសិនបើមានការសង្ស័យ ឬប្រទះឃើញគណនីណាមួយដែលមានលក្ខណៈគួរឱ្យសង្ស័យ សូមកុំធ្វើការទាក់ទង ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនឱ្យទៅគណនីទាំងនោះជាដាច់ខាត។ ផ្ទុយទៅវិញ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះដោយសារអំពើឆបោក។
ការចាត់វិធានការរបស់ក្រសួងព័ត៌មានក្នុងករណីនេះ គឺជាសារមួយដ៏សំខាន់ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណិត និងការពារសន្តិសុខសង្គម។ វាក៏ជាការរំលឹកដល់សាធារណជនអំពីសារៈសំខាន់នៃការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នជានិច្ច៕

