នគរបាលកម្ពុជាទទួលការបណ្ដុះបណ្ដាលពីភាគីកូរ៉េលើជំនាញស៊ើបអង្កេតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នគរបាលជាតិកម្ពុជាទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពពីនគរបាលកូរ៉េលើជំនាញស៊ើបអង្កេត និងបង្ការការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលការបណ្ដុះបណ្ដាលនេះ កើតឡើងខណៈកម្ពុជាកំពុងបន្តធ្វើប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យាប្រភេទនេះ។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយក្រោមវត្តមានរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ហើយដោយមានការចូលរួមពីលោក សូង ប៊ែសង់ តំណាងគ្រូឧទ្ទេសនៃអគ្គស្នងការដ្ឋាននគរបាលជាតិកូរ៉េ និងលោក អ៊ី អ៊ីនអ៊ូង តំណាងសេនានុព័ន្ធនគរបាលអមស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា។
តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា វគ្គបណ្តុះបណ្តាលនេះកើតមានឡើងតាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរលើការបណ្តុះបណ្តាលជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកូរ៉ ដោយបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលជាតិកម្ពុជា ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ហើយមានគ្រូឧទ្ទេសជំនាញជាច្រើនមកពីប្រទេសកូរ៉។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលខាងលើ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអរគុណចំពោះស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិកូរ៉េ ដែលបានផ្តល់ការបណ្តុះបណ្តាលដ៏សំខាន់នេះដល់នគរបាលកម្ពុជា។ ការគាំទ្រនេះ លោក ថា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងកូរ៉េខាងត្បូង។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឱ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង វិន័យ និងបទប្បញ្ញត្តិនានារបស់បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងចូលរួមគ្រប់សកម្មភាពសិក្សា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រេបយកចំណេះដឹងបទពិសោធ និងបច្ចេកទេសថ្មីៗពីគ្រូបច្ចេកទេស និងអ្នកជំនាញឱ្យបានស៊ីជម្រៅ និងទូលំទូលាយ ដើម្បីពង្រឹងចំណេះដឹងសមត្ថភាពវិជ្ជាជីវៈឱ្យស្របតាមការវិវត្តនៃឧក្រិដ្ឋកម្មឌីជីថលនាពេលបច្ចុប្បន្ន។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះហើយ លោក អគ្គស្នងការ ណែនាំឱ្យសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងជំនាញ និងបទពិសោធដែលទទួលបាននេះទៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៅតាមអង្គភាពរៀងៗខ្លួន ជាពិសេសក្នុងការបង្ការ ស៊ើបអង្កេត ប្រមូល និងវិភាគភស្តុតាងឌីជីថល ការស៊ើបអង្កេតហិរញ្ញវត្ថុ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមចំណែកលើកកម្ពស់គុណភាពការងារអនុវត្តច្បាប់ និងការពារសន្តិសុខជាតិ៕
