លោក ត្រាំ៖ «បើអ៊ីរ៉ង់ហ៊ានធ្វើឃាតខ្ញុំ អ៊ីរ៉ង់​នឹង​ត្រូវ​រង​គ្រាប់បែកដ៏​ធំ​មិនធ្លាប់មាន»

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងប្រាប់សារព័ត៌មាន New York Post កាលពីថ្ងៃសុក្រ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៦ អំពីផែនការឆ្លើយតបយ៉ាងចាស់ដៃ ប្រសិនបើរូប​លោកពិត​ជា​ត្រូវគេធ្វើឃាត​ប្រាកដ​មែន។

លោក ត្រាំ

លោក ត្រាំ បានប្រកាសយ៉ាងដាច់ណាត់ថា លោកបានដាក់បទបញ្ជាទុកជាស្រេចថា បើអ៊ីរ៉ង់ហ៊ានធ្វើសកម្មភាព​នេះមែន នោះកងទ័ពអាមេរិក នឹងធ្វើការទម្លាក់គ្រាប់បែកវាយប្រហារទៅលើប្រទេសនេះ ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។

លោក ត្រាំ បានរៀបរាប់ដោយទឹកមុខមឺងម៉ាត់ថា លោកបានរស់នៅជាមួយនឹងការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជម្លោះនេះ បានកើតឡើង​តាំងពីខែមករា ឆ្នាំ២០២០ នៅពេលដែលលោក​បញ្ជាឱ្យមានការវាយប្រហារតាមអាកាស សម្លាប់មេបញ្ជាការកងកម្លាំង Quds ដ៏មានអំណាចរបស់អ៊ីរ៉ង់ គឺលោក Qassem Soleimani។ ចាប់តាំងពីពេលនោះមក ទីក្រុងតេហេរ៉ង់តែងតែចាត់ទុកការសម្លាប់នេះថាជាមុខរបួស ដែលមិនអាចព្យាបាល​បាន ហើយអាជ្ញាធរអាមេរិកក៏ធ្លាប់បានព្រមានជាច្រើនដងដែរថា មានក្រុមប្រតិបត្តិករអ៊ីរ៉ង់កំពុងព្យាយាមតាមរកការសងសឹក។

ការលើកឡើងរបស់លោក ត្រាំ នៅពេលនេះ កើតឡើងចំពេលដែលស្ថានការណ៍នៅក្នុងតំបន់ឈូងសមុទ្រកំពុងមានភាពវឹកវរខ្លាំង។ កាលពីដើមសប្តាហ៍នេះ លោក ត្រាំ បានប្រកាសជាផ្លូវការរួចទៅហើយថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ទាំងស្រុង បន្ទាប់ពីមានការវាយប្រហារតបតគ្នានៅជុំវិញច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក។ បញ្ហានេះ បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង ក្នុងចំណោមសាធារណជន ដោយអ្នកគាំទ្រមើលឃើញថា វាជាសារព្រមានដ៏រឹងមាំមួយ ដើម្បីទប់ស្កាត់អំពើហិង្សា ប៉ុន្តែអ្នករិះគន់វិញ បានបង្ហាញក្តីបារម្ភថា ការប្រើប្រាស់ពាក្យសម្តីបែបនេះ គឺមានភាពគ្រោះថ្នាក់ខ្លាំងពេក។

ទោះ​ជា​បែប​នេះ​ក្ដី អ្នកវិភាគ បានចង្អុលបង្ហាញថា ការបញ្ជារបស់លោក ត្រាំ នេះ មិនមែនជាបទបញ្ជា ដែលនឹងដំណើរការដោយស្វ័យប្រវត្តិនោះទេ។ ក្នុងនាមជាអ្នកដឹកនាំប្រទេស ការសម្រេចចិត្តចុងក្រោយលើការប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំ គឺស្ថិតនៅលើអ្នកដែលកាន់អំណាចក្នុងពេលកើតហេតុជាក់ស្តែង ក្នុងករណីនេះគឺអនុប្រធានាធិបតី JD Vance។ ដូច្នេះ សារនេះត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រនយោបាយមួយ ដើម្បីដាក់សម្ពាធផ្លូវចិត្ត និងព្រមានឱ្យអ៊ីរ៉ង់គិតគូរឱ្យបានច្បាស់លាស់ពីផលវិបាកដ៏មហន្តរាយ ប្រសិនបើពួកគេហ៊ានធ្វើសកម្មភាពប្រឆាំងនឹងរូបលោក។ បច្ចុប្បន្ន ខាងភាគីអ៊ីរ៉ង់នៅមិនទាន់មានការឆ្លើយតបជាសាធារណៈណាមួយ ជុំវិញការលើកឡើងដ៏ក្តៅគគុករបស់លោក ត្រាំ នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង