អារ៉ាប់រួម កាត់ផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ ក្រោយទីក្រុងតេហេរ៉ង់ បាញ់មីស៊ីលបាលីស្ទិក
គ្រាន់តែ MoU រយៈពេល២ខែ ដែលរៀបចំឡើង ដើម្បីបើកផ្លូវឈានដល់ទៅរកកិច្ចចរចាបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ផុតកំណត់ភ្លាម ស្រាប់តែមីស៊ីលអ៊ីរ៉ង់ ២គ្រាប់បានហោះសំដៅទៅទឹកដី អារ៉ាប់រួម ដែលធ្វើឲ្យប្រទេសនេះ អត់ទ្រាំមិនបាន ដល់ថ្នាក់ប្រកាសកាច់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយទីក្រុងតេហេរ៉ង់តែម្តង។

ក្រសួងការពារជាតិអារ៉ាប់រួម ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ថា មីស៊ីលបាលីស្ទិក ២គ្រាប់បានហោះចេញពីអ៊ីរ៉ង់មក ដោយមួយគ្រាប់ធ្លាក់ចូលក្នុងដែនទឹក និងមួយគ្រាប់ទៀត ធ្លាក់នៅខាងក្រៅ ប៉ុន្តែមិនបញ្ជាក់ឡើយថា តើមីស៊ីលទាំងនោះ ត្រូវបានបាញ់ទម្លាក់ ឬក៏យ៉ាងណា។
ក្រោយមកមិនបានប៉ុន្មានផង ក្រសួងការបរទេសនៅទីក្រុង អាប៊ូដាប៊ី ក៏ប្រកាសកាត់ផ្តាច់រាល់ការធ្វើពាណិជ្ជកម្ម និងប្រតិបត្តិការទាំងអស់ ជាមួយអ៊ីរ៉ង់ ដោយសារតែការវាយប្រហារខាងលើ។
យ៉ាងណា ជុំវិញរឿងនេះ ខាងអ៊ីរ៉ង់ មិនទាន់និយាយអ្វីទេ គ្រាន់តែពីមុន ទីក្រុងតេហរ៉ង់ ធ្លាប់ចោទអារ៉ាប់រួមថា បានបើកដៃឲ្យកងទ័ពអាមេរិក ប្រើទឹកដីនោះ ដើម្បីធ្វើការវាយប្រហារលើខ្លួន។

រឿងនេះផងដែរ កើតឡើងបន្ទាប់ពី MoU ៦០ថ្ងៃ រវាងអាមេរិក និងអ៊ីរ៉ង់ បានផុតកំណត់ ដោយប្រទេសទាំងពីរស្ថិតក្នុងភាពជាប់គាំង ហើយគ្មានកិច្ចព្រមព្រៀងជំនួសណាមួយ អាចមើលឃើញឡើយ រហូតដល់ពេលនេះ។
ប្រមុខសេតវិមាន ដូណាល់ ត្រាំ និយាយថា ខ្លួនមិនចង់បន្តកិច្ចព្រមព្រៀងទៀតទេ ហើយមន្ត្រីអ៊ីរ៉ង់ក៏បានកត់សម្គាល់ដែរថា ការរំលោភបំពានគ្នាទៅវិញទៅមក ជាច្រើនសប្តាហ៍បន្ទាប់ពីការចុះហត្ថលេខា ធ្វើឲ្យក្របខ័ណ្ឌនេះគ្មានន័យ ធ្វើឲ្យការចរចានាពេលអនាគតជាប់គាំងលើច្រកសមុទ្រ Hormuz និងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម៕