អ៊ីរ៉ង់គំរាមបិទគ្រប់ការនាំចេញប្រេងពីតំបន់ឈូងសមុទ្រពែរ្ស ខណៈអាមេរិកគ្រោងប្រកាសទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ
អ៊ីរ៉ង់បានគំរាមកាត់ផ្ដាច់ការនាំចេញប្រេងទាំងអស់ពីតំបន់ឈូងសមុទ្រពែរ្ស មិនអនុញ្ញាតសូម្បីតែមួយដំណក់ ប្រសិនបើសហរដ្ឋ អាមេរិកបន្ត «សង្គ្រាមសេដ្ឋកិច្ច» ចំពេលដែលអាមេរិកត្រៀមប្រកាសទណ្ឌកម្មថ្មី «ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្ត» ប្រឆាំងអ៊ីរ៉ង់ និងប្រទេសដែលបន្តធ្វើពាណិជ្ជកម្មជាមួយក្រុងតេអេរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទទី ២៤ សីហា នេះ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ គ្រោងធ្វើសន្និសីទសារព័ត៌មាននៅម៉ោង ១រសៀលថ្ងៃចន្ទ ម៉ោងនៅឆ្នេរភាគខាងកើតអាមេរិក ឬម៉ោង ១២ យប់នៅកម្ពុជា ដើម្បីបង្ហាញវិធានការថ្មីក្នុងទណ្ឌកម្មរបស់អាមេរិក។ លោកបានពិពណ៌នាវិធានការនេះថា ជា «ការវាយប្រហារផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតមិនធ្លាប់មាន ប្រឆាំងនឹងគូសត្រូវ»។
លោក បេសិនថ៍ ក៏បានព្រមានប្រទេសដែលបន្តគាំទ្រសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ ផងដែរថា ពួកគេគួរតែពិចារណាផលវិបាកដែលអាចកើតឡើង ពីការធ្វើពាណិជ្ជកម្មជាមួយទីក្រុងតេអេរ៉ង់។ ចិន និងបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាជាច្រើន រួមទាំងសម្ព័ន្ធមិត្តអាមេរិក ដូចជាអារ៉ាប់រួម និងតួកគី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អ៊ីរ៉ង់។
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិអ៊ីរ៉ង់ លោក Mohsen Rezaei បានគំរាមថា ប្រសិនបើ «សង្គ្រាមសេដ្ឋកិច្ច» នៅតែបន្ត អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យមានការនាំចេញប្រេងសូម្បីតែមួយដំណក់ តាមច្រកសមុទ្រហ័រមូហ្ស ឬពីទីតាំងណាមួយក្នុងតំបន់ឈូងសមុទ្រពែរ្សឡើយ។
លោក Rezaei ថែមទាំងព្រមានថា អ៊ីរ៉ង់នឹងចាត់ទុកប្រទេសណាដែលចូលរួម ឬគាំទ្រទណ្ឌកម្មអាមេរិកប្រឆាំងប្រជាជនអ៊ីរ៉ង់ថា «ជាសកម្មភាពសង្គ្រាម»។

ការគំរាមនេះ អាចបង្កើនភាពតានតឹងនៅទីផ្សារថាមពលពិភពលោក ព្រោះច្រកសមុទ្រហ័រមូហ្ស គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់មួយរបស់ពិភពលោក។ ប្រសិនបើការដឹកជញ្ជូនតាមច្រកនេះរងការរំខានកាន់តែខ្លាំង តម្លៃប្រេង និងថ្លៃដឹកជញ្ជូនថាមពលអាចរងសម្ពាធកើនឡើង។
សហរដ្ឋអាមេរិកក៏កំពុងជំរុញឱ្យប្រទេសជាដៃគូ ជាពិសេសប្រទេសដែលនៅតែទិញប្រេងអ៊ីរ៉ង់ ឬធ្វើពាណិជ្ជកម្មជាមួយក្រុងតេអេរ៉ង់ ចូលរួមក្នុងការដាក់សម្ពាធសេដ្ឋកិច្ច។ យ៉ាងណាមិញ ចិនបានអំពាវនាវឱ្យដោះស្រាយបញ្ហាតាមការទូត ដោយនិយាយថា ទណ្ឌកម្ម និងការដាក់សម្ពាធមិនអាចជួយដោះស្រាយវិបត្តិបានទេ។
ស្ថានការណ៍នេះកើតឡើង ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅតែមិនមានភាពរីកចម្រើន បន្ទាប់ពីជម្លោះបានអូសបន្លាយជាច្រើនខែ។ ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ជាច្រើន ខណៈសេដ្ឋកិច្ចអ៊ីរ៉ង់ក៏កំពុងប្រឈមនឹងអតិផរណាខ្ពស់ រូបិយប័ណ្ណធ្លាក់ថ្លៃ និងផលប៉ះពាល់ពីទណ្ឌកម្មអន្តរជាតិ៕
