ហេតុការណ៍កម្រ! ស្ត្រីម្នាក់សម្រាលកូនលើឡានសង្គ្រោះ និងម្នាក់ទៀតសម្រាលបាន​កូនភ្លោះលើទូក

ខេត្តព្រះវិហារ ៖ មន្ត្រី​សុខាភិបាល និង​ឆ្មប​មណ្ឌល​សុខភាព​រវៀងនៃ​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ នៅ​វេលា​ម៉ោង​២​ និង​១៤​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៦ បាន​យក​រថយន្ត​សង្គ្រោះ​ទៅ​ទទួល​ជួយ​សង្គ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​មាន​អាកា​រៈ​ឈឺពោះ​សម្រាលកូន ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្ត្រី​រូប​នោះ​មាន​អាកា​រៈ​ឈឺពោះ​សម្រាលកូន​កាន់តែ​ខ្លាំង ក៏​បាន​សម្រាលកូន​លើ​រថយន្ត​សង្គ្រោះ​តែ​ម្តង ក្រោម​ការ​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ។ ចំណែក​ម្តាយ​និង​ទារក​មាន​សុវត្ថិភាព ។

លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​យកចិត្តទុកដាក់ ការ​ទទួលខុសត្រូវ និង​ការ​បំពេញ​តួនាទី​របស់​មន្ត្រី​សុខាភិបាល និង​ឆ្មប​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​ក្រុមការងារ​មណ្ឌល​សុខភាព​រវៀង ដែល​បាន​ឆ្លើយ​តប​យ៉ាង​រហ័ស ចំពោះ​ស្ថានភាព​សម្រាលកូន​បន្ទាន់ និង​អាច​ជួយ​សង្គ្រោះ​មាតា និង​ទារក​បាន​ដោយ​សុវត្ថិភាព ។

លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​ទៀត​ថា សកម្មភាព​សង្គ្រោះ​បន្ទាន់​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ត្រៀមខ្លួន និង​ការ​ទទួលខុសត្រូវ​ខ្ពស់ របស់​មន្ត្រី​សុខាភិបាល​មូលដ្ឋាន ជា​ពិសេស​ការ​ឆ្លើយ​តប​បាន​រហ័ស នៅ​ពេល​ប្រឈម​នឹង​ស្ថានភាព​សម្រាលកូន​បន្ទាន់ ដែល​អាច​កើតឡើង​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។

លោក​ថា ការងារ​សុខាភិបាល​នៅ​មូលដ្ឋាន មិន​ត្រឹមតែ​ជា​ការ​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មានការ​ត្រៀមខ្លួន​ជា​និច្ច ដើម្បី​ឆ្លើយ​តប​ចំពោះ​គ្រប់​ស្ថានភាព​បន្ទាន់ ជា​ពិសេស​ការ​សង្គ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក ដែល​ទាមទារ​ឱ្យ​មន្ត្រី​សុខាភិបាល​មាន​ជំនាញ ចំណេះដឹង បទ​ពិសោធន៍ និង​ការ​ឆ្លើយ​តប​ឱ្យ​បាន​រហ័ស ។

លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ឆ្លៀតឱកាស​នេះ បាន​អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ក្រុម​គ្រួសារ ឱ្យ​ចូលរួម​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​សុខភាព​មាតា និង​ទារក ដោយ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​តាម​កាលកំណត់ មិន​ត្រូវ​ខកខាន​ការ​ណាត់ជួប​ជាមួយ​បុគ្គលិក​សុខាភិបាល និង​ត្រូវ​រៀបចំ​ផែនការ​សម្រាលកូន​ជា​មុន ជា​ពិសេស​នៅ​ពេល​ផ្ទៃពោះ​ជិត​គ្រប់​ខែ ។

លោក​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់ផ្តើម​មាន​សញ្ញា​ឈឺពោះ​ជា​បន្តបន្ទាប់ ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត និង​អាច​ទាក់ទង​សេវា​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​កុំឱ្យ​ការ​ពន្យារពេល​បង្ក​ហានិភ័យ​ដល់​អាយុជីវិត​មាតា និង​ទារក ។

លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​សង្កត់ធ្ងន់​ថា ការ​សម្រាលកូន​ដោយ​សុវត្ថិភាព គឺ​ត្រូវការ​ការ​ចូលរួម​ពី​ស្ត្រី​មាន​ផ្ទៃពោះ ក្រុម​គ្រួសារ និង​បុគ្គលិក​សុខាភិបាល ដូច្នេះ​ការ​រៀបចំ​ទុកជា​មុន និង​ការ​ទៅ​ទទួល​សេវា​សុខាភិបាល​ឱ្យ​បាន​ទាន់​ពេល គឺជា​កត្តា​សំខាន់ ក្នុង​ការ​ការពារ​ជីវិត​មាតា និង​ទារក ។ តាម​ប្រភព​ខាងលើ​នេះ មិន​បានឱ្យ​ដឹង​ពី​អត្តសញ្ញាណ​ស្ត្រី​ឆ្លងទន្លេ​នេះ​ទេ ហើយ​ក៏​មិនដឹង​ថា ទារក​ដែល​សម្រាល​ពេល​នេះ ជា​កូន​ទី​ប៉ុន្មាន​ឡើយ ៕
ប្រភព៖ កោះសន្តិភាព

អត្ថបទដែលជាប់ទាក់ទង