កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ជិត២០០នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅអាហ្វ្រិកកណ្ដាល ក្នុងខួប២០ឆ្នាំ នៃការចូលរួមរក្សាសន្តិភាពក្រោមឆត្រ UN
(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជា ចំនួន ១៨៤នាក់ ក្នុងនោះមានយោធិនជានារី ២៨នាក់ ស្មើនឹង១៥ភាគរយ ជាកងប្ដូរវេន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។ ការចាត់បញ្ជូនកងទ័ពមួកខៀវនេះ ធ្វើឡើងចំពេលដែលកម្ពុជាប្រារព្ធខួប ២០ឆ្នាំ នៃការចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពសកលលោក។
កងវិស្វកម្មលេខ៨៦៤ ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺន ជំនាញច្បាស់លាស់មុនត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ។
ជាមួយគ្នានេះដែរ ក៏រៀបចំពិធីបំពាក់មេដាយជូនកងរាជអាវុធហត្ថលេខ៨៧២ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ទី៣ ដែលបំពេញបបេសកកម្មដោយជោគជ័យ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។
បើតាមឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា កងកម្លាំងវិស្វកម្មទាំង ១៨៤នាក់ ដែលនឹងទៅបំពេញបេសកកម្ម បានឆ្លងកាត់ការហ្វឹកហ្វឺនយ៉ាងតឹងរ៉ឹងតាមបទដ្ឋាន និងស្ដង់ដារបស់អង្គការសហប្រជាជាតិ ទាំងការហ្វឹកហ្វឺនទូទៅ និងការហ្វឹកហ្វឺនស្នូល។
លោកឧត្តមសេនីយ៍ទោ សែម រតនា បានបន្តថា យោធិននីមួយៗ ទទួលបានការឧទ្ទេសនាមយ៉ាងច្បាស់លាស់ស្តីពី ក្រមសីលធម៌ទាំង ១០ប្រការរបស់ UN បទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបានចុះហត្ថលេខា លើឯកសារនៃកិច្ចសន្យា អាណត្តិយោធិន ដើម្បីធានាបាននូវការគោរពវិន័យខ្ពង់ខ្ពស់បំផុត និងជៀសវាងការប្រព្រឹត្តខុសឆ្គងណាមួយក្នុងពេលបំពេញបេសកកម្ម។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបង្ហាញនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកម្ពុជា ក្នុងរយៈពេល២០ឆ្នាំមកនេះ ដែលបានចូលរួមរក្សាសន្តិភាពពិភពលោក ទាំងនៅក្នុងប្រទេសដែលកំពុងប្រឈមនឹងសង្គ្រាម និងការលំបាកផ្សេងៗ ប្រកបដោយជោគជ័យ គួរជាទីមោទន ខណៈក៏មានកងកម្លាំងជានារីផងដែរនោះ ។
លោកស្រី វ្ល៉ាដានកា អាន់ឌ្រេវ៉ា បានគូសបញ្ជាក់ថា ការបញ្ជូនកងកម្លាំងរបស់កម្ពុជា ក្នុងការចូលរួមរក្សាសន្តិភាពពិភពលោក គឺជាការបញ្ជាក់ជាថ្មីរបស់កម្ពុជា ក្នុងការប្ដេជ្ញាចិត្តចំពោះគោលការណ៍នានា នៃធម្មនុញ្ញរបស់ UN រួមមានសន្តិភាព សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ និងវិបុលភាពរបស់ទាំងអស់គ្នា។
នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ក្នុងដំណើរទៅបំពេញបេសកកម្ម ចូលរួមរក្សាសន្តិភពពិភពលោក ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនេះ គឺពិតជាបានលើកនូវកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមស្មារតីទទួលខុសត្រូវ ដើម្បីជាប្រយោជន៍រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពពិភពលោក។
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ការបញ្ជូនកងវិស្វកម្មពហុជំនាញទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាលនាពេលនេះ គឺ បញ្ជាក់ពីសក្ខីភាពនៃការរួមចំណែករបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលមិនត្រឹមតែបាននាំយកនូវជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយកនូវស្មារតីមនុស្សធម៌ មិត្តភាព ភាពអត់ធ្មត់ និងសាមគ្គីភាព ដែលជាអត្ថន័យនៃអត្តសញ្ញាណរបស់ប្រជាជនកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានផ្ដាំផ្ញើដល់កងកម្លាំងវិស្វកម្ម ដែលនឹងត្រូវទៅបំពេញបេសកកម្មថ្មី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូនបទបញ្ជា បទវិន័យ និងលក្ខន្តិកៈនានា របស់អង្គការសហប្រជាជាតិ មានវិជ្ជាជីវៈ និងមានក្រមសីលធម៌ល្អ ។
គួរបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ គឺចាប់តាំងពីក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន ១០ ៧២៦នាក់ (នារី ១ ០៥២នាក់) មាននៅប្រទេសចំនួន១០ ក្នុងនោះមាននៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈបច្ចុប្បន្ន នៅមានកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅ៤ប្រទេស មានស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងប្រទេសកុងហ្គោ ចំនួន៤៧៣នាក់៕

