វៀតណាមគ្រោងបិទចរាចរណ៍យានយន្តស៊ីសាំងនៅតំបន់កណ្ដាលក្រុងហូជីមិញ ចាប់ពីឆ្នាំក្រោយទៅ
ក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម គ្រោងចាប់ផ្តើមរឹតបន្តឹងការធ្វើចរាចរណ៍យានយន្តស៊ីសាំង និងម៉ាស៊ូតនៅតំបន់កណ្ដាលក្រុង ចាប់ពីខែកក្កដា ឆ្នាំ២០២៧ ទៅ ដើម្បីកាត់បន្ថយការបំពុលខ្យល់។ នេះបើតាមការចុះផ្សាយកាសែតរដ្ឋ Thanh Nien ថ្មីៗនេះ។

តាមសេចក្តីព្រាងផែនការ ក្រុងហូជីមិញនឹងសាកល្បងបង្កើត តំបន់បញ្ចេញការបំពុលទាប (LEZ) នៅតំបន់កណ្ដាលក្រុង និងតំបន់ទីក្រុងថ្មី Thu Thiem ដែលមានផ្ទៃប្រមាណ ៩៣០ ហិកតា។ បន្ទាប់ពីសាកល្បងរយៈពេល ២ឆ្នាំ តំបន់នេះនឹងត្រូវពង្រីកទៅតំបន់ក្នុងផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ចាប់ពីដើមឆ្នាំ២០២៩។
យ៉ាងណាមិញ យានយន្តនឹងត្រូវអនុវត្តតាមលំដាប់ មិនមែនហាមឃាត់ទាំងអស់ភ្លាមៗទេ។ ចាប់ពីឆ្នាំ២០២៧ ឡានក្រុង និងយានយន្តប្រមូលសំរាមមួយចំនួនដែលចូលក្នុង LEZ នឹងត្រូវប្រើអគ្គិសនី ឬថាមពលស្អាត។ ចាប់ពីឆ្នាំ២០២៨ ម៉ូតូដឹកអ្នកដំណើរ និងម៉ូតូដឹកជញ្ជូនទំនិញ នឹងត្រូវប្តូរទៅប្រើថាមពលស្អាតដូចគ្នា ខណៈតាក់ស៊ី និងយានយន្តប្រភេទផ្សេងទៀត នឹងមានពេលវេលាផ្លាស់ប្តូរបន្តបន្ទាប់។

តាមផែនការរយៈពេលវែង ដល់ឆ្នាំ ២០៣៥ យានយន្តភាគច្រើនដែលធ្វើដំណើរក្នុងតំបន់ LEZ នឹងត្រូវប្រើអគ្គិសនី ឬថាមពលស្អាត ខណៈក្រុងហូជីមិញមានគោលដៅបញ្ចប់ការផ្លាស់ប្តូរពីយានយន្តស៊ីសាំងទៅយានយន្តប្រើថាមពលស្អាតទូទាំងក្រុងនៅឆ្នាំ២០៤០។
គួរគូសបញ្ជាក់ថា ផែនការថ្មីនេះត្រូវបានពន្យារពេលពីសំណើមុន ដែលគ្រោងចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២៦ ដើម្បីទុកពេលឱ្យប្រជាជន និងអាជីវកម្មត្រៀមប្តូរយានយន្ត ព្រមទាំងរង់ចាំការរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង។ ផែនការនេះនៅតែត្រូវឆ្លងកាត់ការពិនិត្យ និងអនុម័តជាផ្លូវការនៅឡើយ។
វាក៏ស្របនឹងនិន្នាការរបស់វៀតណាមក្នុងការកាត់បន្ថយយានយន្តប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅទីក្រុងធំៗផងដែរ។ ដោយឡែក ទីក្រុងហាណូយឯនោះវិញ កាលពីខែមិថុនា បានប្រកាសពីផែនការកាត់បន្ថយម៉ូតូស៊ីសាំងសម្រាប់សេវាដឹកជញ្ជូនទំនិញ នៅក្នុងតំបន់បញ្ចេញការបំពុលទាបជាបណ្ដើរៗ ចាប់ពីខែមករា ឆ្នាំ២០២៧ តទៅ៕
