អ៊ីរ៉ង់ ទាមទារ​ឱ្យអាមេរិកទទួលខុសត្រូវ និង​សងសំណងពេញលេញ ​ចំពោះការខូចខាត​​ទាំងឡាយ

អ៊ីរ៉ង់ ​​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិកត្រូវ​តែ​​ទទួល​ខុសត្រូវ​ ចំពោះ​ការខូច​ខាត​ដែល​បណ្តាលមក​ពីទណ្ឌកម្ម ឯក​តោភាគី​​ដែលអាមេរិក​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់​ ហើយ​ត្រូវ​តែ​ផ្តល់​សំណងពេញលេញ រួមទាំងការសង​ប្រាក់ និងសំណង​ជំងឺចិត្ត​​ ដល់​​ភាគី​​​​​អ៊ីរ៉ង់​​។

ក្នុង​សារ​មួយ​​ផ្ញើទៅកាន់​អង្គការសហប្រជាជាតិ និង​ក្រុមប្រឹក្សាសន្តិសុខ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi បាន​ពិពណ៌នាអំពី​វិធានការរបស់​សហរដ្ឋអាមេរិកថា​ ជាយុទ្ធនាការ​ភេរ​វ​កម្ម​​សេដ្ឋកិច្ច​ អនុវត្ត​តាមរយៈវិធានការ​បង្ខិតបង្ខំឯកតោភាគី គឺ​ខុស​ច្បាប់​ក្រោមច្បាប់អន្តរជាតិ។

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi 

យោង​តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​អ៊ីរ៉ង់ IRIB នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ ២០២៦ លោក Araghchi ថា៖ « សាធារណរដ្ឋ​អ៊ីស្លាមអ៊ីរ៉ង់​រក្សាសិទ្ធិ​របស់​ខ្លួន​ក្នុងការងាក​ទៅរក​មធ្យោបាយទាំងអស់​ដែលមាន​ ដើម្បីស្វែងរកការទទួល​ខុសត្រូវ ចំពោះ​​សំណង និងការដោះស្រាយ ដើម្បីធ្វើ​ឱ្យ​ជនល្មើស​នៃទង្វើ​អមនុស្សធម៌ និងខុសច្បាប់ទាំងនេះទទួល​ខុសត្រូវ»​។

លោក​បន្ត​ថា៖ « យុទ្ធនាការ​​របស់​​សហរដ្ឋអាមេរិក ទាមទារ​​ឱ្យ​​មាន​ការ​​ទទួល​ខុស​​ត្រូវ​អន្តរជាតិ រួម​ទាំង​​កាតព្វកិច្ច​​ផ្តល់​​សំណង​​ពេញលេញ​​សម្រាប់​​ការ​ខូចខាត​ខាង​​សម្ភារៈ និង​សីលធម៌​​ទាំងអស់ រួម​ទាំង​ការ​​សង​ជំងឺ​ចិត្ត និង​សំណង​តាម​ច្បាប់​អន្តរជាតិ»។

លោក Araghchi បន្ថែម​ថា៖ « សហរដ្ឋអាមេរិក​​មានការ​ទទួល​ខុស​​ត្រូវ​​អន្តរជាតិ​ពេញលេញ ហើយ​អាច​ប្រឈម​មុខ​​នឹង​ការ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ជា​​លក្ខណៈ​​បុគ្គល ប្រសិនបើ​ធាតុផ្សំ​​ផ្លូវច្បាប់​​ពាក់ព័ន្ធ​​ត្រូវ​បាន​បង្កើត​ឡើង ចំពោះ​​ផលវិបាក​នៃទង្វើ​ខុស​ច្បាប់ និង​ឧក្រិដ្ឋកម្ម និង​គ្រោះថ្នាក់​​បង្ក​ឡើង​ចំពោះ​ប្រជាជន​អ៊ីរ៉ង់​»។

លោក​​​ជំរុញ​ឱ្យ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​រដ្ឋ​ជា​​សមាជិក​ថ្កោលទោស និង​បដិសេធ​ការ​​ប្រើប្រាស់វិធានការ​​បង្ខិតបង្ខំ​​ឯកតោភាគី និង​ទណ្ឌកម្ម​បន្ទាប់បន្សំរបស់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​​ដាក់​​សម្ពាធ​លើ​រដ្ឋ​​អធិបតេយ្យ​ឱ្យ​​ផ្លាស់ប្តូរ​ផលប្រយោជន៍​​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ស្របច្បាប់​​របស់​សហរដ្ឋអាមេរិក​៕

អត្ថបទដែលជាប់ទាក់ទង