ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា សន្តិភាព និងវិបុលភាព មិនអាចចែកដាច់ពីគ្នាបានទេ ហើយសន្តិភាពមិនអាចគង់វង្សទេ បើការអភិវឌ្ឍត្រូវបានគេបដិសេធ
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា សន្តិភាព និងវិបុលភាព មិនអាចចែកដាច់ពីគ្នាបានទេ, សន្តិភាពមិនអាចគង់វង្សទេបើការអភិវឌ្ឍត្រូវបានគេបដិសេធ ហើយការអភិវឌ្ឍក៏មិនអាចរីកចម្រើនបាននៅក្នុងស្ថានភាពមានជម្លោះនោះដែរ ហើយទាំងសន្តិភាព និងការអភិវឌ្ឍ មិនអាចរក្សាបានទេ បើគ្មានការជឿជាក់ យុត្តិធម៌ និងនីតិរដ្ឋ។
នេះបើយោងតាមព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអានដោយ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។
បើតាមការអានរបស់លោក អ៊ុច បូររិទ្ធ, ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ក្នុងហេតុផលនេះសាមគ្គីភាពបណ្តាប្រជាជាតិ មិនអាចផ្អែកលើសុឆន្ទៈតែមួយមុខបានឡើយ។ សាមគ្គីភាពនេះត្រូវតែឈរលើមូលដ្ឋាននៃការទទួលខុសត្រូវរួម, ការគោរពគ្នាទៅវិញទៅមក, សន្តិសហវិជ្ជមាន និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ។ សាមគ្គីភាពបែបនេះនឹងក្លាយជាមានន័យនៅពេលដែលមានការស្តែងចេញតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង, បំណងល្អ និងការប្តេជ្ញាប្រកបដោយ ស្មោះត្រង់ ក្នុងការដោះស្រាយនូវភាពខុសគ្នាដោយសន្តិវិធី។
សភាមានតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យក្លាយជាការពិត។ តាមរយៈការតាក់តែងច្បាប់ ការត្រួតពិនិត្យ ការបំពេញតួនាទីជាតំណាងរបស់ប្រជាពលរដ្ឋ និងការទូតសភា សភាបានរួមចំណែកពង្រឹងនីតិរដ្ឋ លើកកម្ពស់គណនេយ្យភាព បង្ការជម្លោះ និងកសាងទំនុកចិត្តរវាងប្រជាជន និងប្រជាជាតិ។ ក្នុងពិភពលោកដែលមានការបែងចែក និងស្មុគស្មាញកាន់តែខ្លាំង កិច្ចសន្ទនាសភា នៅតែជាឧបករណ៍ដែលមិនអាចខ្វះបាន ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក ការលើកទឹក ចិត្តដល់ការសម្រុះសម្រួល និងការលើកកម្ពស់ដំណោះស្រាយដោយ សន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូលបញ្ជាក់ទៀតថា ការពង្រឹងច្បាប់អន្តរជាតិ គឺស្ថិតនៅចំកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងនេះ។ ច្បាប់អន្តរជាតិ ផ្តល់នូវក្របខ័ណ្ឌរួម ដែលតាមរយៈនេះ រដ្ឋនានា ទាំងធំទាំងតូច អាចរួមរស់ជាមួយគ្នាប្រកបដោយភាពថ្លៃថ្នូរ, សមភាព និងសុវត្ថិភាព។ ការការពារអធិបតេយ្យ ការលើកកម្ពស់ភាពត្រឹមត្រូវ, និងការអត់ធ្មត់ក្នុងការ ប្រើអំណាចដោយមិនត្រឹមត្រូវ នឹងផ្តល់នូវសន្តិវិធីសម្រាប់ការដោះស្រាយជម្លោះ។ ការដោះស្រាយ ជម្លោះដោយសន្តិវិធី មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញនូវប្រាជ្ញា ការទទួលខុស ត្រូវ, និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិ។
តាមរយៈសន្និសីទនេះ ព្រះអង្គទ្រង់មានជំនឿជឿជាក់ថា «សេចក្តីប្រកាសទីក្រុងភ្នំពេញ» នឹងត្រូវអនុម័តដោយជោគជ័យ ព្រោះវាជាការរួមចំណែកប្រកបដោយអត្ថន័យ ចំពោះសហគមន៍អន្តរសភា និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយ។ សូមឱ្យសេចក្តីប្រកាសទីក្រុងភ្នំពេញនេះ ឈរជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមចំពោះយុត្តិធម៌, សិទ្ធិមនុស្ស, ការអភិវឌ្ឍប្រកបដោយចីរភាព, ការកសាងសន្តិភាព, ការផ្សះផ្សា, ការដោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈរ លើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕




