អ្នកបាត់ខ្លួន កើនដល់ជិត ១៥០០នាក់ ក្នុងគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីភក់ នៅតំបន់ហិម៉ាល័យ
តួលេខអ្នកបាត់ខ្លួន បានកើនឡើងដល់ជិត ១ ៥០០នាក់ហើយ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏រន្ធត់មួយ ដែលកើតឡើងនៅតាមបណ្តោយជួរភ្នំហិម៉ាល័យ រវាងប្រទេសនេប៉ាល់ និងតំបន់ទីបេរបស់ប្រទេសចិន បន្ទាប់ពីបំណាក់ដីភក់ បានហូរធ្លាក់ចូលទៅក្នុងទន្លេ បង្កជាជំនន់ឆាប់រហ័សដ៏មហាប្រល័យ បំផ្លាញភូមិឋាន ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានជាច្រើនកន្លែង។

តាមការផ្សាយរបស់ REUTERS នាថ្ងៃទី២៧ ខែសីហា នេះ ប៉ូលិសនេប៉ាល បារម្ភថា ចំនួនអ្នកស្លាប់ នឹងហក់ឡើងលើសពី ១៦៥នាក់ ខណៈភាគីចិនបានបញ្ជាក់ពីការបាត់ខ្លួនមនុស្សចំនួន ៥៥៨នាក់នៅក្នុងស្រុក Gyirong។
ហេតុការណ៍នេះ បានកើតឡើងនៅតាមផ្លូវធ្វើដំណើរ និងផ្លូវធម្មយាត្រាដ៏ល្បីល្បាញតភ្ជាប់ពីក្រុងឡាសាទៅកាន់រដ្ឋធានីកាត់ម៉ាន់ឌូ ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាទៅកាន់ភ្នំ Kailash Mansarovar មកពីប្រទេសជាង ២០ ដូចជា ឥណ្ឌា អាមេរិក អូស្ត្រាលី អង់គ្លេស និងកាណាដា រងគ្រោះថ្នាក់ និងបាត់ខ្លួនជាច្រើននាក់។ វីដេអូសន្តិសុខ និងសាក្សីនៅកន្លែងកើតហេតុ បានបង្ហាញពីទិដ្ឋភាពទឹកភក់កម្ពស់រាប់ម៉ែត្រ ហូរកាត់ផ្តាច់ភូមិឋានទាំងមូល នាំយកទាំងមនុស្ស រថយន្ត និងផ្ទះសម្បែងទៅតាមទឹកក្នុងពេលមួយរំពេច ដោយបានប្រែក្លាយតំបន់ទាំងមូលឱ្យទៅជាវាលរាបស្មើ។
បច្ចុប្បន្ន កងកម្លាំងសង្គ្រោះជាង ៥ ០០០នាក់ រួមជាមួយឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានដាក់ពង្រាយជាបន្ទាន់ក្នុងប្រតិបត្តិការរករុករក និងទម្លាក់ស្បៀងអាហារ ព្រមទាំងតង់ស្នាក់នៅបណ្តោះអាសន្នជូនជនរងគ្រោះ ខណៈនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានចុះពិនិត្យស្ថានភាពផ្ទាល់នៅតំបន់ Nuwakot ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ រួមទាំងរដ្ឋាភិបាលអាមេរិក និងកាណាដា បានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ រីឯអាជ្ញាធរចិន កំពុងប្រឈមមុខនឹងការព្រួយបារម្ភ ជុំវិញហានិភ័យនៃបឹងដែលស្ទះទឹកនៅផ្នែកខាងលើ ដែលអាចបង្កជាជំនន់បន្ថែម និងធ្វើឱ្យប្រតិបត្តិការសង្គ្រោះកាន់តែមានភាពស្មុគស្មាញ៕





