ភ្នំពេញ៖ អាជ្ញាធរជំនាញ បានចុះស្ទាក់និងឃាត់រថយន្តពីរគ្រឿង ដែល​លួចដឹកជញ្ជូនជ្រូករស់សរុប ៥២​ ក្បាលឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេសវៀតណាម

ភ្នំពេញ៖ អាជ្ញាធរជំនាញ បានចុះស្ទាក់និងឃាត់រថយន្តពីរគ្រឿង ដែល​លួចដឹកជញ្ជូនជ្រូករស់សរុប ៥២​ ក្បាលឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេសវៀតណាម តាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ផ្សាយនៅទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី ២៧ ខែសីហា។

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា បានចុះស្ទាក់ និងឃាត់ចាប់រថយន្តចំនួន ២គ្រឿង ដែលកំពុងលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ក្បាល ឆ្លងដែនដោយខុសច្បាប់ ចេញពីប្រទេសវៀតណាម។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានស្ទាក់ឃាត់រថយន្តទី១ នៅលើផ្លូវលំ ក្នុងឃុំចន្ត្រី ស្រុករមាសហែក ដោយដឹកជ្រូករស់ចំនួន ២៤ក្បាល និងរថយន្តទី២ ឃាត់នៅផ្លូវលំ ក្នុងឃុំធ្លក ស្រុកស្វាយជ្រុំ ដោយដឹកជ្រូករស់ចំនួន ២៨ក្បាល។ តាមការស្រាវជ្រាវ រថយន្តទាំងពីរនេះ បានលួចដឹកសត្វជ្រូកចេញពីវៀតណាម តាមច្រករបៀងក្នុងស្រុករមាសហែក ដើម្បីយកមកបែកចែក និងលក់ចែកចាយបន្តនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាតឡើយ។

បច្ចុប្បន្ន ក្រុមការងារជំនាញខាងលើ បាននាំយកវត្ថុតាង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានវាយតម្លៃថា កិច្ចអន្តរាគមន៍បង្រ្កាបបទល្មើសនេះ គឺជាការរួមចំណែកក្នុងការការពារ ទប់ស្កាត់ការរីករាល់ដាលជំងឺ និងធានាបានសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពជូនដល់ពលរដ្ឋដែលជាអ្នកប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង