អ្នកបាត់ខ្លួនក្នុងគ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកនៅនេប៉ាល់-ចិន កើនដល់ ២៤០០នាក់ អ្នកស្លាប់កើនជិត៦០០នាក់ ខណៈសាកសពខ្លះអណ្តែតដល់ប្រទេសឥណ្ឌា
ចំនួនមនុស្សបាត់ខ្លួននៅក្នុងប្រទេសនេប៉ាល់ និងប្រទេសចិន បានកើនឡើងលើស ២ ៤០០ នាក់ហើយ ដែលនេះបង្ហាញយ៉ាងច្បាស់ពីទំហំនៃគ្រោះមហន្តរាយ បន្ទាប់ពីការបាក់ផ្ទាំងទឹកកកលើកំពូលភ្នំតំបន់ជួរភ្នំហិម៉ាល័យតាមព្រំដែននេប៉ាល់ និងតំបន់ទីបេរបស់ចិន ដោយបានបង្កើតជាកម្លាំងរុញច្រានដ៏ខ្លាំង ដូចរលករញ្ជួយយក្សស៊ូណាមិ នៅថ្ងៃទី២៦ខែសីហានេះ។

កម្លាំងទឹកធ្លាក់ពិលើកំពូលភ្នំនោះ បានវាយប្រហារបោសសម្អាតភូមិឋាន តំបន់ប្រជុំជន សណ្ឋាគារ ស្ពានថ្នល់ ទំនប់វារីអគ្គិសនីនានា និងសម្លាប់មនុស្សអស់រាប់រយនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ក្រុមសង្គ្រោះបានខិតខំជំរុញឆ្លងកាត់ភក់ជ្រោះ ទោះបីជាមានការគំរាមកំហែងពីគ្រោះទឹកជំនន់ថ្មីៗកើតមានឡើងក៏ដោយ ដោយក្រុមសង្គ្រោះបន្ទាន់បានរកឃើញសពចំនួន ៥៨៦ នាក់រហូតមកដល់ពេលនេះ ហើយសពមួយចំនួនត្រូវទឹកហូរនាំយកទៅឆ្ងាយរហូតដល់ប្រទេសឥណ្ឌា។
តួលេខថ្មីនេះត្រូវបានបង្ហាញ ខណៈដែលអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសនេប៉ាល់ បានបន្ថែមកម្មករវារីអគ្គិសនីចំនួន ៩៣៣ នាក់ ទៅក្នុងបញ្ជីឈ្មោះមនុស្សបាត់ខ្លួន ដែលកន្លងមកមានរួមបញ្ចូលទាំងអ្នកដើរផ្សងប្រេងតាមតំបន់ភ្នំ និងអ្នកដើរស្វែងរកបុណ្យ (អ្នកធ្វើធម្មយាត្រា) ទៅកាន់ភ្នំ sacred Mount Kailash ដ៏ពិសិដ្ឋរបស់ទីបេផងដែរ។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័តមាន AFP សាច់ញាតិរបស់អ្នកស្លាប់និងបាត់ខ្លួន បានប្រមូលផ្តុំគ្នាយ៉ាងកកកុញនៅតាមមន្ទីរពេទ្យនានាក្នុងរដ្ឋធានីនៃប្រទេសនេប៉ាល់ ដើម្បីស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេដោយការឈឺចាប់ សោកសង្រេងយ៉ាងពន់ពេក ដោយពួកគេមានការបិទរូបថត និងឈ្មោះរបស់អ្នកបាត់ខ្លួននៅលើជញ្ជាំង។
អង្គការស៊ើបអង្កេតភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បាននិយាយថា គ្រោះមហន្តរាយនេះ ដែលជាគ្រោះមហន្តរាយសម្លាប់មនុស្សច្រើនបំផុតសម្រាប់ប្រទេសនេប៉ាល់ចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ ២០១៥ មក គឺបណ្តាលមកពីការបាក់ផ្ទាំងទឹកកក ដែលបង្កឱ្យមានលំហូរកម្ទេចកំទីទឹកកកយ៉ាងសន្ធឹកសន្ធាប់។
ការហូរធ្លាក់នៃទឹកកក និងភក់ក៏បានបណ្តាលឱ្យកើតមានបឹងធំៗ ហើយការកកើតឡើងនៃបឹងមួយក្នុងចំណោមបឹងទាំងនេះ បានក្លាយជាការគំរាមកំហែងផ្ទាល់ដល់ក្រុមការងារសង្គ្រោះបន្ទាន់ដែលកំពុងរុករកអ្នករស់រានមានជីវិតនៅក្នុងតំបន់នោះ។
នគរបាលនេប៉ាល់បានអំពាវនាវឱ្យក្រុមសង្គ្រោះទាំងអស់ «ផ្លាស់ទីទៅកាន់ទីតាំងប្រកបដោយសុវត្ថិភាពជាបន្ទាន់» ដោយនិយាយថា ខ្លួនទទួលបានព័ត៌មានថា «ទំនប់ទឹកបានបាក់ម្តងទៀតនៅខាងភាគីទីបេ»។
នៅទីបេ ប្រទេសចិនត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការសង្គ្រោះរបស់ខ្លួននៅតំបន់ ជីរ៉ុង (Gyirong)ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារហានិភ័យនៃគ្រោះទឹកជំនន់ជាថ្មីកាលពីថ្ងៃសុក្រ មុនពេលប្រកាសថាការគំរាមកំហែងនេះបានធូរស្រាលវិញ។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា បឹងដែលកកើតឡើងដោយគំនរកម្ទេចកំទីយ៉ាងសន្ធឹកសន្ធាប់ បានចាប់ផ្តើមហូរហៀរឆ្ពោះទៅកាន់ទិសដៅដែលក្រុមសង្គ្រោះកំពុងឆ្ពោះទៅ ប៉ុន្តែក្រោយមកបាននិយាយថាកម្រិតទឹកនៅក្នុងបឹងនោះបានស្រកចុះវិញហើយ៕
