ហ្សេលេន​ស្គី​ អះ​អាង​ថា លោក ត្រាំ អាចនាំ​ ពូទីន​ ទៅ​តុ​ចរចា​យ៉ាង​​ងាយ ​បើ​ដាក់សម្ពាធ​រុស្ស៊ី​ ដូចអ៊ុយក្រែន

ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក វ៉ូឡូ​ឌីមៀរ ហ្សេលេន​ស្គី​ ​ជឿជាក់​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មាន​ឥទ្ធិ​ពល​គ្រប់គ្រាន់​ ដើម្បី​នាំមេដឹក​នាំរុស្ស៊ី លោក វ៉្លាឌីមៀ​ ពូទីន ទៅ​កាន់​តុ​ចរចា ហើយ​ទីក្រុងវ៉ាស៊ីនតោន​ចាំបាច់​ ​ត្រូវ​​​តែ​ដាក់​សម្ពាធនិង​បញ្ចេញ​វោហោសាស្រ្ត​លើ​ទី​ក្រុងមូស្គូ ដូចខ្លួន​ធ្លាប់​អនុវត្ត​ ចំពោះទីក្រុងកៀវ​​។ នេះបើយោង​តាមទី​ភ្នាក់​ងារ​​សារព័ត៌មាន Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២៦ ។

លោក ហ្សេលេន​ស្គី និង​ លោក ត្រាំ

ក្នុង​កម្មវិធីផតខាស «The Diary of a CEO» អ្នកសម្រប​សម្រួល លោក Steven Bartlett បាន​សួរ​ទៅ​ លោក ហ្សេលេន​ស្គី ថា តើលោក​មើលឃើញ​ពីលទ្ធភាពជាក់ស្តែង​ណាមួយក្នុង​ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី​ ប្រឆាំងនឹងអ៊ុយក្រែនដែរ​ឬទេ?

លោក ហ្សេលេន​ស្គី បានឆ្លើយថា​៖ «​លោក ត្រាំ អាច​នាំ​ លោក ពូទីន ទៅកាន់តុចរចាបានយ៉ាង​ងាយស្រួល។ ព្រោះ របៀប​ដែល​គាត់និយាយ​អមកកាន់​ខ្ញុំ គាត់ក៏គួរតែ​និយាយទៅកាន់​លោក ពូទីន ក្នុង​លក្ខណៈ​ដូចគ្នាដែរ»។

មេដឹកនាំអ៊ុយ​ក្រែនរូបនេះ បានលើកឡើង​អំពី​វិធានការ​ដាក់ទណ្ឌកម្មរបស់​​សភាអាមេរិក​​ដែល​អនុម័តរួចហើយ ដោយ​បញ្ជាក់ថា លោក ត្រាំ មាន​ឧបករណ៍​សេដ្ឋកិច្ច​ដ៏មានឥទ្ធិពល​ក្នុងដៃ ប្រសិន​បើគាត់សម្រេចចិត្ត​ប្រើប្រាស់​វា ប្រឆាំង​នឹងរុស្ស៊ី។​

លោក ហ្សេលេនស្គី បានអះអាងថា៖ «គាត់[​លោក​ត្រាំ] អាចធ្វើវាបាន»។

ប្រធានាធិប​តី​អ៊ុយ​ក្រែន​ បានលើក​ឡើងថា ​ការស្ទាក់ស្ទើរ​របស់​ លោក ត្រាំ ក្នុងការដាក់ចេញនូវ​វិធាន​ការទាំង​នេះ អាច​បណ្តាលមកពីទំនាក់​ទំនង​ពិសេស​រវាងប្រធានាធិបតី​អាមេរិក និង​ លោក ពូទីន​​។

នៅ​មុននេះ​ សមាជិក​សភាតំណាងរាស្ត្រអាមេរិក​ចំនួន ២៣ រូប រួម​មានសមាជិក​មកពីគណបក្សប្រជាធិបតេយ្យ ១៦ រូប និងគណបក្សសាធារ​ណរដ្ឋ ៧ រូប ជំរុញលោកប្រធានាធិបតី ត្រាំ​ ឱ្យជួយអ៊ុយ​ក្រែន​អាចប្រើប្រាស់​សេវា​អ៊ីនធឺណិត Starlink នៅលើ​ទឹកដីរុស្ស៊ី ដើម្បី​កំណត់​ទីតាំង និងកំណត់គោលដៅ​លើ​ប្រព័ន្ធបាញ់​មីស៊ីលរបស់រុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង