ចង់បានកាំភ្លើងអ្នកស្នាក់នៅជាមួយ ជនដៃដល់រៀបគម្រោងសម្លាប់ជនរងគ្រោះ ខណៈជនរងគ្រោះក៏ធ្លាប់បង្រៀនពីវីធីប្រើប្រាស់អាវុធ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនដៃដល់ម្នាក់ ក្រោយធ្វើសកម្មភាពប៉ុនប៉ងសម្លាប់ជនរងគ្រោះដែលស្នាក់នៅជាមួយគ្នា ដោយសារចង់បានអាវុធខ្លីរបស់ជនរងគ្រោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

ករណីប៉ុនប៉ងធ្វើឃាតកម្មនេះ បានកើតឡើងកាលថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស “គុនតៃខនស្ត្រាក់សិន” ក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះមានឈ្មោះ ឆោម ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសក្បាលធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា អតីតមន្ទីរពេទ្យ១៧៩ ភ្នំពេញ។ ចំណែកជនដៃដល់មានឈ្មោះ លាប សៀវភីង ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកស្នាក់នៅ និងធ្វើការជាមួយជនរងគ្រោះ (ជាសន្តិសុខយាមប្រេង) នៅក្នុងក្រុមហ៊ុន។

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការរៀបចំផែនការសម្លាប់ជនរងគ្រោះ ក៏ព្រោះតែជនសង្ស័យមានបំណងចង់បានអាវុធខ្លី និងខ្សែ ក របស់ជនរងគ្រោះយកជាកម្មសិទ្ធិ។ លោកអធិការបញ្ជាក់ថា ក្នុងប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញ និងដកហូតបាន អាវុធខ្លីម៉ាកGlok19 មួយដើម ខ្សែ ក លោហធាតុ១ខ្សែ (មិនដឹងទម្ងន់)។ ជនសង្ស័យជាអ្នកស្នាក់នៅជាមួយជនរងគ្រោះ និងបានចេះប្រើប្រាស់អាវុធខ្លីដោយសារតែជនរងគ្រោះបង្រៀន។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្តនីតិវិធី៕


