ពូទីន និងត្រាំ និយាយដូចគ្នា អំពីដើមចម នាំឱ្យផ្ទុះមហាបាតុកម្ម ទូទាំងទ្វីបអឺរ៉ុប

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងប្រមុខរដ្ឋាភិបាលអាមេរិក សុទ្ធតែចេញមុខនិយាយដូចគ្នា អំពីដើមចមនៃមហាបាតុកម្ម ដែលកំពុងអង្រួនទ្វីបអឺរ៉ុប ដោយមេដឹកនាំទាំង២ អះអាងថា ហេតុផលនៃបាតុកម្មទ្រង់ទ្រាយធំនោះ គឺបណ្តាលមកពី «បញ្ហាអន្តោប្រវេសន៍»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ និងត្រូវបានដកស្រង់ផ្សាយដោយទូរទស្សន៍ RT, លោកពូទីន ប្រាប់ថា អឺរ៉ុប កំពុងបំផ្លាញប្រពៃណីខ្លួនឯង ដូច្នេះហើយ ទើបពួកគេកាន់តែគ្មានលទ្ធភាព ក្នុងការចាក់បញ្ចូលប្រពៃណីទាំងនោះ តទៅកាន់ជនអន្តោប្រវេសន៍» បាន។ ទ្វីបអឺរ៉ុបខ្វះខាតធនធាន ក្នុងការធ្វើសមាហរណកម្មជនអន្តោប្រវេសន៍ទាំងអស់ ហើយកត្តានេះហើយ ដែល នាំឱ្យកើតមានវិបត្តិ។

ម្យ៉ាងវិញទៀត បើតាមសម្តីលោកពូទីន មេដឹកនាំអឺរ៉ុបមួយចំនួន គ្មានទំនួលខុសត្រូវ ចំពោះភាពចលាចលទាំងនោះឡើយ ហើយពួកគេមិនព្រម ស្វែងរកមូលហេតុទេ ប៉ុន្តែបែរជា មកដាក់កំហុស មុនគេលើសហរដ្ឋអាមេរិក ហើយឥឡូវនេះ ថែមទាំងបន្ទោសរុស្ស៊ីទៅវិញ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ 

សម្តីលោកពូទីន គឺមិនខុសពីសម្តីលោកត្រាំ ឡើយ ដោយប្រធានាធិបតីអាមេរិក ធ្លាប់អះអាងថា រលកបាតុកម្មហិង្សា នៅបណ្តាប្រទេសអឺរ៉ុបនាពេលថ្មីៗនេះ គឺបណ្តាលមកពីគោលនយោបាយបើកចំហព្រំដែន និងលំហូរជនអន្តោប្រវេសន៍។

តាមការបង្ហោះសារ លើបណ្តាញសង្គម នាពាក់កណ្តាលខែនេះ និងផ្សាយដោយ Al Jazeera លោក ត្រាំ លើកឡើងថា ចលាចលនៅអឺរ៉ុបជាពិសេសនៅបារាំង អ៊ីតាលី និងអេស្ប៉ាញ មិនមែនកើតឡើងដោយសារបញ្ហាប្រព័ន្ធអប់រំ ឬតម្លៃទំនិញឡើងថ្លៃនោះទេ ប៉ុន្តែវាជាលទ្ធផល នៃលំហូរជនអន្តោប្រវេសន៍ដែល «ស្អប់ប្រទេសទាំងនោះ»។ លោកក៏ធ្លាប់ព្រមានប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ដែរ តាំងពីអាណត្តិដំបូងមកម្ល៉េះ ថា ឱ្យបិទព្រំដែន ដើម្បីកុំឱ្យអឺរ៉ុបត្រូវគេបំផ្លាញ។

បាតុកម្មនៅបារាំង

យ៉ាងណា ឆ្លើយតបរឿងនេះ លោក ម៉ាក្រុង បានទាត់ចោលភ្លាមៗ ដោយហៅការអត្ថាធិប្បាយរបស់លោក ត្រាំ ថាជា «ការនិយាយល្ងង់ខ្លៅ» ហើយសង្កត់ធ្ងន់ថា គ្មានព័ស្តុតាងណាមួយ បង្ហាញថា បាតុកម្មនេះ ជាប់ពាក់ព័ន្ធនឹងលំហូរជនបរទេស ឬការជ្រៀតជ្រែកពីខាងក្រៅនោះទេ។

មហាបាតុកម្មទូទាំងទ្វីបអឺរ៉ុប បានផ្ទុះឡើងជាថ្មី កាលពីចុងសប្តាហ៍ ដោយក្រុមបាតុករ បានប៉ះទង្គិចគ្នាជាមួយប៉ូលិសបង្ក្រាបការកុបកម្ម ដូចជានៅក្នុងប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ បែលហ្ស៊ិក និងអាល់បានី។

បាតុកម្មនៅបារាំង 

ភាពវឹកវរ ផ្តើមចេញដំបូងពីប្រទេសបារាំង តាំងពីខែកញ្ញាមក ក្នុងបាតុកម្មដែលដឹកនាំដោយក្រុមសិស្សនិស្សិត ប្រឆាំងការកើនឡើង ថ្លៃចំណាយលើវិស័យអប់រំ កង្វះខាតគ្រូបង្រៀន និងស្ថានភាពទ្រុឌទ្រោមនៃគ្រឹះស្ថានសិក្សា ប៉ុន្តែជាចុងក្រោយ ក៏ប្រែក្លាយទៅជាអំពើហិង្សា រីករាលដាលទ្រង់ទ្រាយធំ ហើយបច្ចុប្បន្ន វាក៏វិវឌ្ឍន៍ទៅជាការរលកនៃការប្រឆាំងរដ្ឋាភិបាល។

បារាំង នៅតែជាចំណុចក្តៅបំផុតនៃបាតុកម្ម ដោយមនុស្សយ៉ាងតិច ៤១០ ០០០ នាក់បានចេញតវ៉ាតាមផ្លូវទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ក្នុងនោះរួមមានទាំងប្រហែល ១១០ ០០០នាក់ នៅទីក្រុងប៉ារីសផងដែរ។ យ៉ាងណា បាតុករជិត ១ ០០០ នាក់ត្រូវចាប់ខ្លួន ក្នុងការប៉ះទង្គិចជាមួយកងកម្លាំង៕

អត្ថបទដែលជាប់ទាក់ទង