កងកម្លាំង Naresuan របស់ថៃ បានដាក់ពង្រាយទាហានបន្ថែមទៀតហើយ ទៅកាន់ខេត្ត Tak ដើម្បីតាមដានសភាពការណ៍ ប្រុងជើងការ ក្នុងករណី មានរឿងអាសន្នណាមួយ កើតឡើង

ស្របពេលការប្រយុទ្ធគ្នានៅខាងមីយ៉ាន់ម៉ា មិនថមថយសោះ ហើយគ្រាប់ផ្លោងពីសមរភូមិប្រយុទ្ធនោះ បន្តហោះធ្លាយទៅធ្លាក់ចូលដីថៃ ឥតឈប់នោះ, កងកម្លាំង Naresuan របស់ថៃ បានដាក់ពង្រាយទាហានបន្ថែមទៀតហើយ ទៅកាន់ខេត្ត Tak ដើម្បីតាមដានសភាពការណ៍ ប្រុងជើងការ ក្នុងករណី មានរឿងអាសន្នណាមួយ កើតឡើង។ នេះបើតាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦។

(រូប៖ Amarin TV)

ទន្ទឹមនឹងការបន្ថែមកម្លាំងនេះ មេបញ្ជាការ Naresuan និង Rajamanu ក៏ចុះទៅពិនិត្យដោយផ្ទាល់ផងដែរដល់ភូមិ Huai Mahawong ក្នុងឃុំ Mahawan នៃស្រុក Mae Sot បន្ទាប់ពីផ្ទះពលរដ្ឋនៅទីនោះ ត្រូវរងគ្រោះដោយគ្រាប់ផ្លោង ហោះពីខាងមីយ៉ាន់ម៉ា មិនឈប់មិនឈរ។

ស្របពេលជាមួយគ្នានោះ មេបញ្ជាការ Naresuan ក៏ចេញបញ្ជាឱ្យអង្គភាពនានា ត្រូវបង្កើនការល្បាត និងតាមដាន ដោយយកចិត្តទុកដាក់ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីធានាបាននូវការឆ្លើយតប ទាន់ពេលវេលា ធានាសុវត្ថិភាពជូនពលរដ្ឋ។

(រូប៖ Amarin TV)

ការដាក់កម្លាំងថែមនេះ ធ្វើឡើងនៅចំពោះមុខ នៃការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក នៅខាងមីយ៉ាន់ម៉ា រវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចការ៉េន (KNLA / KNU)។

មិនមែនតែខេត្ត Tak ទេ! ខេត្តថៃជាប់ព្រំដែនមីយ៉ាន់ម៉ាមួយទៀត គឺ Mae Hong Son ក៏ដាក់ពង្រាយកម្លាំងបន្ថែមរួចហើយ ព្រោះតែស្ថានការណ៍មិនស្រួល។

(រូប៖ Amarin TV)

វិធានការនោះ ធ្វើឡើងកាលពីចុងខែកញ្ញា ក៏ព្រោះតែយុទ្ធភូមិភាគខាងកើតរប​ស់មីយ៉ាន់ម៉ា បានដាក់ពង្រាយទ័ព ២ ០០០នាក់ មកពី ១៦កងពល បូករួមជាមួយសព្វាវុធធុនធ្ងន់ ព្រមទាំងរថពាសដែក និងដ្រូន ដើម្បីបង្កើនកម្លាំងប្រយុទ្ធជាមួយកងទ័ពការ៉ែន ច្រើនក្រុម ​ក្រោយពេលកងកម្លាំងទាំងនោះ វាយប្រហារលើទ័ពរដ្ឋាភិបាល និងចាប់បានឈ្លើយសឹក ច្រើននាក់។

វាជារឿងដែលថៃ បារម្ភ និងយកចិត្តទុកដាក់ខ្លាំង ថែមទាំងតាមដានយ៉ាងដិតដល់ ព្រោះសមរភូមិនៅមីយ៉ាន់ម៉ា នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ថៃ៕

អត្ថបទដែលជាប់ទាក់ទង