អាវុធហត្ថរាជធានីចុះទៅនាំខ្លួនយុវជនជាង១០០នាក់ ក្រោយប្រមូលផ្តុំនៅតំបន់បឹងកក់ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
យុវជនយុវនារីជាង១០០នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកការឡោមព័ទ្ធចុះទៅនាំខ្លួនពួកគេយកទៅសាកសួរ ក្រោយធ្វើការប្រមូលផ្តុំនៅតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម បង្កជាភាពភ័យខ្លាច និង ព្រួយបារម្ភដល់ពលរដ្ឋដទៃ។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុង ការលុបបំបាត់ក្រុមក្មេងទំនើង និង ពង្រឹងគោលនយោបាយ«ភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព» និងមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដូនពេញ បានចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ក៏ប្រទះនឹង ក្រុមយុវជនយុវតីមួយក្រុមធំគ្នាជាង១០០នាក់ ដែលកំពុងប្រមូលផ្តុំគ្នានៅពេលរាត្រី បង្កការរំខានដល់ប្រជាពលរដ្ឋ និង នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចភូមិ១(តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ភ្លាមៗកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការនាំខ្លួនពួកគេទាំងអស់យកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីធ្វើការអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សាបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារព្រមទាំងបង្កការភ័យខ្លាច ដល់ អ្នកជុំវិញបង្កភាពអនាធិបតេយ្យក្នុងសង្គមបន្តទៀត។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បាននាំ យុវជនប្រុស-ស្រី និងម៉ូតូទាំងអស់យកទៅមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការ អប់រំណែនាំរួចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។


សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និង ប្រជាពលរដ្ឋ សូមចូលរួមសហការផ្តល់ព័ត៌មានទាក់ទងនឹងសកម្មភាពក្មេងទំនើង ឬ ភាពមិនប្រក្រតីនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរួមគ្នាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងភាពសុខសាន្តជូនប្រជាពលរដ្ឋសូមហៅទូរស័ព្ទទៅកាន់លេខ១២៩១ឬអាចទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ទំព័រហ្វេសប៊ុក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie៕





