បុរសជាជនដៃដល់ម្នាក់ បានជិះម៉ូតូតាមក្រោយកម្មករដឹកបន្លែនៅផ្សារនាគមាស រួចបានយកបំពង់ទីបដែកវាយក្បាល បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

បុរសជាជនដៃដល់ម្នាក់ បានជិះម៉ូតូតាមក្រោយកម្មករដឹកបន្លែនៅផ្សារនាគមាស រួចបានយកបំពង់ទីបដែកវាយក្បាល បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូរ៉ឺម៉ក ហើយបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្សារនាគមាស តាមផ្លូវលេខ២៣៩ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមព័ត៌មានពីសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ នុន គាច ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាកម្មករអូសបន្លែក្នុងផ្សារនាគមាស បានយកបំពង់ដែកប្រវែងប្រហែល ៩តឹក វាយទៅលើជនរងគ្រោះចំនួន ៣លើក ចំក្បាលបណ្ដាលឱ្យស្លាប់។ ចំណែកជនរងគ្រោះមានឈ្មោះ ឡេន ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ មានមុខរបរជាកម្មករបើករ៉ឺម៉កដឹកបន្លែក្នុងផ្សារនាគមាស និងស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករ៉ឺម៉កដឹកបន្លែលក់នៅផ្សារនាគមាស ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនដៃដល់បានជិះម៉ូតូមកតាមក្រោយ រួចយកបំពង់ទីបវាយទៅលើជនរងគ្រោះប្រមាណ ៣ ទៅ ៤ដំបង។ ភ្លាមៗនោះ ប្រជាពលរដ្ឋ និងអ្នកលក់បន្លែបាននាំគ្នាឃាត់ខ្លួនជនដៃដល់ រួចប្រគល់ឱ្យសមត្ថកិច្ច។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងបំពង់ទីបដែក ១ដើម ប្រវែង ០,៨៧ម៉ែត្រ ផងដែរ។

តាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ប្ដីរបស់គាត់ធ្លាប់មានទំនាស់ជាមួយជនដៃដល់កាលពីមុនពិធីបុណ្យភ្ជុំបិណ្ឌ ដោយជនសង្ស័យបានយកឈើកំណល់សម្រាប់កល់កញ្ច្រែងបន្លែរបស់គាត់ទៅប្រើ ហើយមិនបានយកមកឱ្យវិញ ពេលប្ដីរបស់គាត់ស្ដីបន្ទោសឱ្យ ក៏កើតជាជម្លោះវាយតប់គ្នា ដោយមិននឹកស្មានថា ជនដៃដល់មានគំនុំរហូតមកតាមវាយប្ដីរបស់គាត់បែបនេះឡើយ។

តាមការត្រួតពិនិត្យរបស់លោកវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ពីអំពើហិង្សាប្រើបំពង់ទីបដែកវាយចំថ្ងាសចំហៀងខាងឆ្វេង ត្រូវក្បាល ២កន្លែង (ក្បាលចំហៀងខាងឆ្វេង និងខាងក្រោយ) និងត្រូវកខាងក្រោយចំហៀងខាងឆ្វេង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង