ខួប១ឆ្នាំ៖ សម្ដេចធិបតីបញ្ជាក់ថា កម្ពុជា នៅតែគោរពកិច្ចព្រមព្រៀងសន្តិភាព និងប្ដេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិ
ប្រមុខរាជរដ្ឋាភិបាល គូសបញ្ជាក់ថា កម្ពុជានៅតែគោរពកិច្ចព្រមព្រៀងសន្តិភាព និងប្ដេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ជៀសវាងការប្រើប្រាស់កម្លាំង។ សម្ដេច ហ៊ុន ម៉ាណែត អះអាងបែបនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី២៦ ខែតុលា ក្នុងគ្រាដែល សេចក្តីថ្លែងការរួមរវាងកម្ពុជានិងថៃ ឬហៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ គម្រប់ខួប១ឆ្នាំ។

សម្ដេច ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដោយផ្ទាល់ បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖«កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងគូឡាឡាំពួ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC)និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួន សម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី »។

ចំណែកសហរដ្ឋអាម៉េរិក ដែលជាតួអង្គសំខាន់ក្នុងការផ្ដួចផ្ដើមឱ្យកិច្ចព្រមព្រៀងសន្តិភាពលេចចេញជារូបរាង ក៏បានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នេះដែរ។ ក្នុងនោះ សហរដ្ឋអាម៉េរិក តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោក Macor Rubio បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ បានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃការទូតអាមេរិកក្នុងការដោះស្រាយជម្លោះ និងបានកសាងមូលដ្ឋានគ្រឹះសន្ដិភាពរវាងកម្ពុជានិងថៃ។ សហរដ្ឋអាមេរិកសន្យាថា នឹងបន្តការងារជាមួយប្រទេសទាំងពីរ ក្នុងការគាំទ្រដល់គោរពកិច្ចព្រមព្រៀង និងជួយឱ្យការសន្យាអំពីសន្ដិភាពដ៏យូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្លាយជាការពិត។

គួររម្លឹកថា ថ្ងៃនេះកាលពីឆ្នាំមុន ពោលគឺកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយ នាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul បានចុះហត្ថលេខារួមគ្នាលើឯកសារសេចក្តីថ្លែងការណ៍រួម ឬហៅម្យ៉ាងទៀតថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដោយមានការចូលរួមជាសាក្សីពីសំណាក់ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។
តាមរយៈខួប១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព សម្ដេច ហ៊ុន ម៉ាណែត ក៏យកឱកាសនេះ អរគុណសារជាថ្មី ចំពោះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព៕

