រុស្ស៊ី ប្រកាសបទឈប់បាញ់ជាធរមាន នៅសមរភូមិជួរមុខ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិល
ក្រោយរងការចោទប្រកាន់គ្នា ពីការវាយប្រហារទៅវិញទៅមកអស់ជាង ៤ឆ្នាំ នៅថ្ងៃអង្គារ ទី២៧ ខែតុលា នេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា បទឈប់បាញ់បណ្ដោះអាសន្នមួយ នៅជុំវិញទីក្រុង Alyoshki ស្ថិតនៅជួរមុខនៃសមរភូមិក្នុងតំបន់ Kherson របស់រុស្ស៊ី ចាប់ផ្តើមមានប្រសិទ្ធភាពហើយ ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ និងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន RT របស់រុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍សង្ខេបមួយពីក្រសួងរុស្ស៊ី បទឈប់បាញ់ បានចាប់ផ្តើមម៉ោង ៤ព្រឹក នៅថ្ងៃអង្គារនេះ ដើម្បីត្រៀមរៀបចំ សម្រាប់ប្រតិបត្តិការមនុស្សធម៌។
អគ្គសេនាធិការកងទ័ពរុស្ស៊ី ឧត្តមសេនីយ៍ Valery Gerasimov ថ្លែងកាលពីសប្តាហ៍មុនថា ក្រុមយោធានឹងឈ្លបយកការណ៍ និងធានាឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាព សម្រាប់ក្បួនដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងទីក្រុង Alyoshki។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន ក៏បញ្ជាក់កាលពីសប្តាហ៍មុនដែរថា ខ្លួននឹងគោរពតាមបទឈប់បាញ់នេះ។
អាជ្ញាធររុស្ស៊ី ប៉ាន់ប្រមាណថា មានជនស៊ីវិលចន្លោះពី ១ ៥០០ ទៅ ២ ០០០នាក់ កំពុងជាប់គាំងក្នុងទីក្រុង Alyoshki ស្ថិតនៅត្រើយឆ្វេងទន្លេ Dnieper ទល់មុខនឹងទីក្រុង Kherson កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។

យោងតាមមន្ត្រីរុស្ស៊ី ទីក្រុងនេះត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ស្ទើរតែទាំងស្រុង អស់ច្រើនខែមកហើយ ដោយសារការបាញ់ផ្លោង និងការវាយប្រហារដោយដ្រូនពីសំណាក់កងកម្លាំងអ៊ុយក្រែន រារាំងដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ជាប្រចាំ។
អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី រារាំង មិនឱ្យជនស៊ីវិលចាកចេញពីទីក្រុង ដែលកំពុងរងការវាយប្រហារនេះ។ យ៉ាងណា អ្នកស្រុកមួយចំនួនដែលគេចខ្លួនចេញមក ប្រាប់បណ្តាញព័ត៌មាន RT របស់រុស្ស៊ី កាលពីដើមខែនេះថា ទីក្រុង Alyoshki កំពុងស្ថិតក្រោមការឡោមព័ទ្ធដោយកងកម្លាំងអ៊ុយក្រែន ហើយធ្វើការវាយប្រហារជាបន្តបន្ទាប់មិនដាច់៕

