កងកម្លាំងបន្លំខ្លួនជាជនស៊ីវិល តាមប្រមាញ់ «បទល្មើសនេសាទ»

ភ្នំពេញ៖ កងកម្លាំងបានបន្លំខ្លួនជាជនស៊ីវិល ចុះទូកតាមប្រមាញ់បទល្មើសនេសាទនៅលើបឹងទន្លេសាប។ នេះបើតាមអះអាងរបស់គណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដោយបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើបែបនេះគឺមានប្រសិទ្ធភាពខ្ពស់ជាងការស្លៀកពាក់ឯកសណ្ឋានកងទ័ព ដ្បិតកន្លងមក ក្រុមជនល្មើសមានល្បិចកលខ្ពស់ដោយបានដាក់បណ្តាញតាមឃ្លាំមើលសកម្មភាពរបស់អាជ្ញាធរជាប់ជានិច្ច។

កាលពីពេលថ្មីៗនេះ មានការរែកចែករំលែកវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពកងកម្លាំងស្លៀកពាក់ស៊ីវិលចុះទៅបង្ក្រាបបទល្មើស រហូតបង្កឱ្យមានការភ្ញាក់ផ្អើល និងយល់ច្រឡំក្នុងចំណោមប្រជានេសាទ។

ជុំវិញករណីនេះ គណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នៅថ្ងៃទី២៧ ខែតុលានេះ បានចេញសេចក្តីបំភ្លឺថា វីដេអូដែលបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក គឺជាសកម្មភាពបង្ក្រាបបទល្មើសនេសាទអូសយកលៀសដោយខុសច្បាប់។ បទល្មើសនេះ កើតឡើងកាលពីថ្ងៃទី១៤ ខែតុលា នៅភូមិចុងប្រឡាយ ឃុំកំពង់ឃ្លាំ
ង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

នៅថ្ងៃកើតហេតុ កងកម្លាំងសម្ងាត់បានបន្លំខ្លួនជាជនស៊ីវិល ចុះល្បាត និងបានប្រទះឃើញបទល្មើសអូសយកលៀសចំនួន ២ករណី ក្នុងនោះមានទូក ២គ្រឿង និងមនុស្ស ៦នាក់។ ភ្លាមៗនោះ កងកម្លាំងបានចូលទៅសួរនាំ និងស្វែងរកលិខិតអនុញ្ញាតពីមន្ត្រីជំនាញជលផល ប៉ុន្តែក្រុមអ្នកនេសាទទាំងនោះពុំមានលិខិតអនុញ្ញាតឡើយ។

បើតាមកងកម្លាំងបង្ក្រាបបទល្មើសបឹងទន្លេសាប ការអូសយកលៀសនៅតំបន់បឹងទន្លេសាប ត្រូវតែមានលិខិតអនុញ្ញាតពីមន្ត្រីជំនាញជលផល ដែលបានកំណត់តំបន់ និងទីតាំងច្បាស់លាស់ ព្រោះសកម្មភាពនេះអាចបង្កផលប៉ះពាល់ និងបំផ្លាញធនធានមច្ឆាជាតិ ព្រមទាំងជីវៈចម្រុះយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ កងកម្លាំងបានស្នើសុំឱ្យក្រុមអ្នកនេសាទទាំងនោះ និងវត្ថុតាងធ្វើដំណើរទៅកាន់ទីស្នាក់ការ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់។ យ៉ាងណា សណ្ដោងមិនទាន់ដល់ពាក់កណ្ដាលផ្លូវផង ជនល្មើសបានកាត់ខ្សែទូក ១គ្រឿង រួចគេចខ្លួនជាមួយបាត់។

ភ្លាមៗនោះ កងកម្លាំងបានចែកជា ២ក្រុម ដោយក្រុមទី១ ស្លៀកឯកសណ្ឋានកងទ័ព បានបន្តនាំទូក ១គ្រឿងទៀតទៅកាន់ទីស្នាក់ការ រីឯក្រុមទី២ ដែលស្លៀកពាក់ស៊ីវិលបានដេញតាមទូកដែលរត់គេចរហូតដល់ភូមិ។ ពេលទៅដល់ ជនល្មើសបានលោតចូលទឹកគេចខ្លួនបាត់ ដោយបន្សល់ទុកទូក និងលៀស ឱ្យក្រុមគ្រួសារកើបចាក់ចូលក្នុងទន្លេវិញ ព្រមទាំងធ្វើសកម្មភាពតវ៉ាជាមួយកងកម្លាំង ដូចមានក្នុងវីដេអូដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក។

នៅក្នុងហេតុការណ៍នោះ កងកម្លាំងស្លៀកឯកសណ្ឋានកងទ័ព ក៏បានត្រឡប់មកជួយអន្តរាគមន៍ដែរ ប៉ុន្តែភាគីអ្នកតវ៉ាពុំបានថតរូបភាពទាំងនោះទេ គឺថតបង្ហាញតែសកម្មភាពរបស់ក្រុមសម្ងាត់ស្លៀកពាក់ស៊ីវិលប៉ុណ្ណោះ។ បន្ទាប់ពីធ្វើការតវ៉ាដូចក្នុងសកម្មភាពវីដេអូរួច កងកម្លាំងទាំង២ក្រុម ក៏បាននាំយកទូក និងវត្ថុតាងមកកាន់ទីស្នាក់ការ និងឱ្យពួកគេចូលខ្លួនមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់បន្តទៀត ក្នុងនោះទូកចំនួន ១គ្រឿង ដែលមិនបានរត់គេចខ្លួន បានចូលមកទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យា ព្រមបញ្ឈប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់បន្តទៀត។

ដោយឡែកចំពោះទូកចំនួន ១គ្រឿង ដែលបានរត់គេចរហូតដល់ភូមិ មិនបានចូលមកធ្វើកិច្ចសន្យា បញ្ឈប់ទង្វើនេសាទខុសច្បាប់នោះទេ។ រហូតដល់ថ្ងៃទី២៦ ខែតុលា ក៏បានបង្ហោះចែកចាយវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកដោយថតវីដេអូសកម្មភាពតែកងកម្លាំងស្លៀកពាក់ស៊ីវិលក្លែងភេទប៉ុណ្ណោះដោយក្នុងនោះក៏មានកងកម្លាំងស្លៀកពាក់ឯកសណ្ឋានកងទ័ពចូលរួមប្រតិបត្តិការផងដែរ។

កងកម្លាំងបង្រ្កាបទល្មើសបឹងទន្លេសាបបានបញ្ជាក់ថែមទៀតថា ការប្រើប្រាស់ឯកសណ្ឋានកងទ័ព ចេញប្រតិបត្តិការល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើស គឺមិនសូវមានប្រសិទ្ធភាព និងទទួលជោគជ័យនោះទេ។ ចំពោះកងកម្លាំងស្លៀកពាក់ស៊ីវិល ក្លែងភេទជាប្រជានេសាទ គឺបំពេញប្រតិបត្តិការ នៅតំបន់ដែលមានការសង្ស័យ និងការរាយការណ៍ជាក់ស្តែងពីប្រជានេសាទ ភាគច្រើនទទួលបានលទ្ធផល ប្រសិទ្ធភាព និងបង្ក្រាបបានច្រើនករណីជាងការប្រើឯកសណ្ឋានកងទ័ព។ ចំពោះ ការឃ្លុំមុខរបស់កងកម្លាំង ដោយសារ ថ្ងៃកើតហេតុនៅលើផ្ទៃបឹងទន្លេសាបមានអាកាសធាតុក្ដៅខ្លាំង។

បទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប មានភាពស្មុគស្មាញ និងកើតឡើងច្រើនរូបភាព ទាំងលើផ្ទៃទឹក តំបន់អភិរក្ស និងតំបន់ព្រៃលិចទឹក។ គណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានបញ្ជាក់ថា ក្រុមជនខិលខូចតែងតែប្រើប្រាស់គ្រប់រូបភាព ដើម្បីតាមដានសកម្មភាពល្បាតរបស់អាជ្ញាធរ ដោយពួកគេបានដាក់បណ្តាញឃ្លាំមើលការចេញប្រតិបត្តិការរបស់កងកម្លាំងស្លៀកឯកសណ្ឋាន ដើម្បីរាយការណ៍ឱ្យបក្សពួកប្រញាប់ប្រញាល់ទម្លាក់វត្ថុតាងចូលក្នុងទឹក ឬព្រៃលិចទឹក ក្នុងគោលបំណងគេចចេញពីការបង្ក្រាប៕

អត្ថបទដែលជាប់ទាក់ទង