ថៃ និងម៉ាឡេស៊ី កំណត់គោលដៅ​ពាណិជ្ជកម្មទ្វេភាគី ៣០ ​ប៊ីលានដុល្លារ នៅឆ្នាំ​ក្រោយ​

ថៃ និងម៉ាឡេស៊ីបានបញ្ជាក់ជាថ្មីពីគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ៣០ ​ប៊ីលានដុល្លារ​នៅឆ្នាំ ២០២៧ ខណៈប្រទេសទាំង២ កំពុងជំរុញការតភ្ជាប់ដឹកជញ្ជូនឆ្លងព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន់

ការ​ជំរុញ​ពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយ​រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាត់ ហាសាន់ បានពិភាក្សាគ្នាអំពីវិធានការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមនៅតាមតំបន់ព្រំដែន។

ប្រទេសទាំង២ បានព្រមព្រៀងរៀបចំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មរួមលើកទី ៤ ឱ្យបានឆាប់ ដើម្បីពិនិត្យមធ្យោបាយពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម និងពិភាក្សាអំពីគោលដៅពាណិជ្ជកម្មថ្មី បន្ថែមលើគោលដៅ ៣០ ​ប៊ីលានដុល្លារដែលបានកំណត់រួចហើយ។

​ក្រៅពីនោះ ថៃ និងម៉ាឡេស៊ី បានគាំទ្រការពន្លឿនគម្រោងសាងសង់ស្ពាន​ទៅមកមួយទៀតឆ្លងទន្លេកូឡុក និងការស្តារសេវាកម្ម​រថភ្លើង Su-ngai Kolok–Rantau Panjang ដែលតភ្ជាប់រវាងប្រទេសទាំង២ ដោយបម្រើការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងសកម្មភាពសេដ្ឋកិច្ចនៅតាមព្រំដែន។

​ដោយឡែកលើវិស័យសន្តិសុខ ប្រទេសទាំង​ ២ បានគាំទ្រការប្រើប្រាស់យន្តការសហប្រតិបត្តិការសន្តិសុខរួម ដើម្បីសម្របសម្រួលការងារ និងដោះស្រាយបញ្ហាប្រឈមនៅតាមព្រំដែន ខណៈជំរុញឱ្យបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាលើវិស័យអប់រំ និងការងារ ដើម្បីឈានទៅចុះហត្ថលេខានៅក្នុងកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំលើកទី ៨ រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ ។

គួរគូសបញ្ជាក់ថា កិច្ចប្រជុំរវាង​លោក ស៊ីហាសាក់ ​​និងលោក ម៉ូហាម៉ាត់ ​ធ្វើឡើងខណៈ ថៃ និងម៉ាឡេស៊ី កំពុងត្រៀមប្រារព្ធខួប ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧។ ម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមតំបន់ព្រំដែនលើកទី ៨ និងកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី ១៧៕

អត្ថបទដែលជាប់ទាក់ទង