លោក គីម ជុងអ៊ុន ប្រកាសកសាងជួរទ័ព «១ ទល់ ១០០នាក់» ចំពេលស្ថានភាពតំបន់កំពុងតានតឹង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃទី២៨ ខែតុលា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យបណ្តាមេបញ្ជាការកងអនុសេនាធំបង្កើនការហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធឱ្យកាន់តែស្រួចស្រាល់ ដោយលោកចាត់ទុកកិច្ចការនេះ ជា «ភារកិច្ចបដិវត្តន៍ចម្បងបំផុត»។

លោក គីម ជុងអ៊ុន ថ្លែងនៅក្នុងកិច្ចប្រជុំ ជាមួយមេបញ្ជាការកងអនុសេនាធំយោធា

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ចុះផ្សាយបន្ត koreaherald បានឱ្យដឹងថា លោក គីម ជុងអ៊ុន ថ្លែងបែបនេះកាលពីថ្ងៃអង្គារ ក្នុងឱកាសចូលរួមថតរូបអនុស្សាវរីយ៍ជុំគ្នាជាមួយអ្នកចូលរួមក្នុងកិច្ចប្រជុំលើកទី៣ នៃមេដឹកនាំកងអនុសេនាធំនៃកងទ័ពប្រជាជនកូរ៉េ។

ទីភ្នាក់ងារនោះ បានស្រង់សម្តីរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លើកឡើងថា «ភារកិច្ចបដិវត្តន៍ចម្បងរបស់មេបញ្ជាការកងអនុសេនាធំ គឺត្រូវបំពេញលក្ខខណ្ឌត្រៀមប្រយុទ្ធនៃអង្គភាពរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមលក្ខណៈឱ្យពេញលេញក្នុងការវាយលុកក្នុងសង្គ្រាម ហើយវិធានការក្នុងការសម្រេចកិច្ចការនេះ គឺត្រូវនាំមកនូវការផ្លាស់ប្តូរជាដុំកំភួន តាមរយៈការហ្វឹកហ្វឺនយ៉ាងសកម្ម និងខ្លាំងក្លាបំផុត»។

នៅក្នុងឱកាសនោះដែរ លោក គីម បានសង្កត់ធ្ងន់ថា ភាពស្មោះត្រង់ និងសមត្ថភាពដឹកនាំរបស់មេបញ្ជាការទាំងឡាយ ត្រូវតែស្តែងចេញតាមរយៈជោគជ័យក្នុងការបំប្លែងអង្គភាពរបស់ខ្លួនឱ្យទៅជា «កងទ័ពតែម្នាក់ អាចប្រយុទ្ធឈ្នះនឹងមនុស្សមួយរយនាក់» ដែលប្រកបដោយជំនឿចិត្តបដិវត្តន៍ដ៏មុតមាំ ស្មារតីស្នេហាជាតិ ភាពអង់អាចក្លាហានគ្មានគូប្រៀប និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធ។

យ៉ាងណាមិញ កាលដែលលោក គីម ជុងអ៊ុន ចុះជួបមេបញ្ជាការកងទ័ពផ្ទាល់ ហើយប្រកាសកសាងជួរទ័ព «មួយប្រយុទ្ធឈ្នះមួយរយ» នេះ មិនមែនគ្រាន់តែជាការធ្វើឡើងដើម្បីលម្អរឿងនោះទេ ប៉ុន្តែវាជាការត្រៀមលក្ខណៈសង្គ្រាមជាក់ស្តែង ទាំងនៅលើសមរភូមិព្រំដែនខ្លួនឯង និងការបញ្ជូនកងទ័ពទៅធ្វើសង្គ្រាមនៅក្រៅប្រទេសផងដែរ។

គួររំលឹកផងដែរថា លោក គីម ជុងអ៊ុន បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះកាលពីថ្ងៃទី ២២ និង ២៣ តុលា កន្លងទៅ នៅក្នុងទីក្រុងព្យុងយ៉ាង ដោយកាលណោះ លោកបានប្រាប់ទៅកាន់ក្រុមមេបញ្ជាការថា ត្រូវកសាងកងទ័ពដែលខ្លាំងពូកែបំផុត និងពន្លឿនការធ្វើបដិវត្តន៍យោធាតាមបែបបទកូរ៉េ តាមរយៈការហ្វឹកហ្វឺនកងអនុសេនាធំឱ្យមានសមត្ថភាពខ្លាំងក្លាបំផុត៕

អត្ថបទដែលជាប់ទាក់ទង