សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ បានបង្ហោះសារលើបណ្តាញសង្គម ដោយបានចោទសួរចំៗ និងវាយបកយ៉ាងចាស់ដៃទៅលើក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេសមួយក្រុម ដែលតែងតែប្រឌិតរឿងចោទប្រកាន់រាជរដ្ឋាភិបាលទាំងគ្មានភស្តុតាងរឿងបាត់ដីព្រំដែន ប៉ុន្តែពួកគេបែរជា «ស្ងាត់ឱ្យជ្រាបដូចចោរលួចសេះ» នៅពេលដែលបណ្តាញសារព័ត៌មានថៃ បានផ្សាយទម្លាយការពិតជាក់ស្តែងផ្ទុយពីការចោទប្រកាន់របស់ពួកគេ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងជាសំណួរទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរថា តើមានចម្ងល់ដូចសម្តេចដែរឬទេ ដែលកន្លងមក ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុមនេះ តែងតែចោទប្រកាន់រាជរដ្ឋាភិបាលដោយគ្មានភស្តុតាង ឬឯកសារអ្វីទាំងអស់ ថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលភាគីថៃសាងសង់របងបេតុងដោយឯកតោភាគី ហើយក្រុមនេះតែងតែយកព័ត៌មានដែលផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានថៃ មកធ្វើជាមូលដ្ឋានក្នុងការចោទប្រកាន់។
ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់អំពីរឿងដ៏ចម្លែក និងខុសពីរាល់ដង ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ ព័ត៌មានថៃបានចុះផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតោភាគីរបស់ភាគីថៃនៅចន្លោះបង្គោលលេខ ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦ គ្រួសារ ដែលធ្លាប់ចូលមកធ្វើចម្ការលើផ្ទៃដីចំនួន ៨៦៣ រ៉ៃ (ស្មើនឹងប្រមាណ ១៣៨ ហិកតា) ចូលមកខាងទឹកដីកម្ពុជា មិនអាចបន្តចូលមកធ្វើបានទៀតនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះ បែរជាស្ងាត់ឱ្យជ្រាបទៅវិញ។
ឆ្លើយតបនឹងភាពស្ងៀមស្ងាត់ដ៏គួរឱ្យអស់សំណើចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរយ៉ាងមុតស្រួចថា៖ «តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី (ទោះជាពួកគេគ្មានឯកសារ ឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាង និងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?»។
ការលើកឡើងរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នាពេលនេះ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីចរិតពិតរបស់ក្រុមអ្នកនយោបាយប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេស ដែលតែងតែឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍នយោបាយទុច្ចរិត បំភ្លៃការពិត និងញុះញង់ឱ្យមានការយល់ច្រឡំលើកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល ប៉ុន្តែនៅពេលដែលការពិតជាក់ស្តែង និងភស្តុតាងរឹងមាំត្រូវបានទម្លាយចេញ សូម្បីតែពីប្រភពសារព័ត៌មានថៃដែលពួកគេធ្លាប់តែជឿ ក៏ពួកគេមិនហ៊ានចេញមុខនិយាយ ឬទទួលស្គាល់ការពិតនោះឡើយ៕


