ចែកគ្នាដឹង! សែនចិនឆ្នាំថ្មី អ្នកគ្រូណាលី ណែនាំថា ពណ៌ដែលល្អនៅក្នុងការសែន
កៀកថ្ងៃបុណ្យសែនចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ បងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន ត្រៀមខ្លួនយ៉ាងរីករាយដើម្បីប្រារព្ធ និង រៀបចំតុបតែងផ្ទះ ក្នុងគោលបំណងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។
ចំពោះការរៀបចំសែនព្រេននៅក្នុងឆ្នាំថ្មី ២០២៤ នេះទៀតសោត បើតាមការបញ្ជាក់ពីអ្នកគ្រូហុងស៊ុយ ណាលី បានឱ្យបានដឹងថា នៅក្នុងឆ្នាំនេះ ពណ៌ដែលល្អក្នុងការសែន គឺពណ៌ក្រហម ដោយសារតែឆ្នាំនេះ តារាសាស្ត្រលេខ ៣ ចរចូល គឺតារាសាស្ត្រចោរ តារាសាស្ត្រវិបត្តិ ដូច្នេះគឺត្រូវរំសាយតារាសាស្ត្រនេះកុំឱ្យមានឥទ្ធិពលខ្លាំងក្លាពេក គឺតម្រូវឱ្យប្រើប្រាស់ពណ៌ក្រហម។
អ្នកគ្រូ ហុងស៊ុយ ណាលី បានណែនាំឱ្យដឹងបន្តទៀតថា អ្នកដែលដាក់ជំនាងផ្ទះនៅកណ្ដាលផ្ទះ នៅក្នុងឆ្នាំនេះ គឺត្រូវប្រើភ្លើងពណ៌ក្រហម ឬផ្កាក្រហម ខណៈសព្វដងគឺយើងប្រើដើមរាសី តែឆ្នាំនេះមិនប្រើដើមរាសីទេ ព្រោះគេជឿថាអាចបំផ្ទុះបញ្ហា យកដើមរាសីទៅដាក់នៅជំនាងផ្ទះកន្លែងទីជូអៀ នាំឱ្យមានរឿងច្រើន ជម្លោះច្រើន ដូច្នេះដាច់ខាតកុំដាក់ដើមរាសីនៅក្នុងឆ្នាំនេះ៕