កងកម្លាំងយោធាកម្ពុជា កំពុងឃ្លាំមើលដោយប្រុងប្រយ័ត្នខ្ពស់បំផុតនៅតំបន់អានសេះ ក្រោយការបង្ករឿងរបស់កងទ័ពថៃ

(ភ្នំពេញ)៖ ស្ថានភាពនៅតំបន់អានសេះកំពុងស្ថិតនៅក្រោមការឃ្លាំមើលដោយប្រុងប្រយ័ត្នខ្ពស់បំផុតរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីពង្រឹងការអនុវត្តតាមស្មារតីបទឈប់បាញ់ដែលកម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុត បន្ទាប់ពីបានព្រមព្រៀងគ្នាជាមួយភាគីថៃកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នេះគឺជាការបញ្ជាក់ពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានាព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៥នេះ ។

តំបន់អានសេះនៅតែត្រូវបានបន្តគ្រប់គ្រងទាំងស្រុងដោយកងកម្លាំងកម្ពុជា បើទោះជាភាគីថៃព្យាយាមរំលោភបំពាន ក្រោមរូបភាពចល័តកម្លាំងយោធា និងគ្រឿងចក្រចូលតំបន់អានសេះនេះយ៉ាងណាក្តី។

ដោយឡែកនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃវិញ “គិតចាប់ពីវេលាម៉ោង ៦,០០នាទីមកដល់វេលាម៉ោង ១០,០០នាទីព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខតាមជួរបន្ទាត់ព្រំដែនក្នុងតំបន់ព្រះវិហារដល់ឧត្តរមានជ័យមានសភាពស្ងប់ស្ងាត់។កងកម្លាំងរបស់កម្ពុជាស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន”។

គួរបញ្ជាក់ថា ក្រោយកងទ័ពថៃបាន យកបន្លាលួសមកព័ទ្ធតំបន់មួយចំនួននៅអានសេះក៏ដោយ តែមកដល់ល្ងាចថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៥ កងកម្លាំងកម្ពុជា បានរុះរើបន្លាលួសដែលថៃបានដាក់នៅតំបន់នេះរួចរាល់ហើយ ហើយគ្រឿងចក្រដែលថៃប្រើប្រាស់ដើម្បីឈូសឆាយចម្ងាយ ១៥ម៉ែត្រពីកម្ពុជាដើម្បីដាក់លូនិងកង់ឡានចូលក្នុងលេណដ្ឋាន ក៏បានផ្អាកសកម្មភាពផងដែរ។

ព្រមជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា ទីតាំងអានសេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងកម្ពុជាបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន យ៉ាងពិតប្រាកដ។ កងកម្លាំងកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ៕

អត្ថបទដែលជាប់ទាក់ទង