អ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថា នៅរសៀលនេះ ប្រមុខការពារជាតិកម្ពុជា និង ថៃ នឹងបើកកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ នឹងបើកកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ(GBC) នៅប្រទេសម៉ាឡេស៊ីដោយមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។ នេះគឺជាការលើកឡើងរបស់លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្នីសីទសារព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា នៅថ្ងៃទី០៧ ខែសីហា នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ។ ជាមួយគ្នានោះដែរដែរឯកឧត្តម ទៀ សីហា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទាំង(GBC ) ដែលមានតំណាងចូលរួមពីសហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី ចូលរួមសង្កេតការណ៍នៅរសៀលថ្ងៃទី៧ សីហានេះផងដែរ។
ជាមួយគ្នានោះដែរ លោកជំទាវឧត្ដមសេនីយ៍ឯក បានលើកឡើងថា បើគិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅតាមបន្ទាន់ព្រំដែនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់គិតចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០និង០០នាទីថ្ងៃទី០៧ ខែសីហា នេះ ខណៈកងកម្លាំងកម្ពុជានៅតែរក្សាត្រៀមនិងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់គ្នានៅប្រទេសម៉ាឡេស៊ី ចាប់តាំងពីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥កន្លង មក។ លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យបានបន្ដថា កម្ពុជាសូមបញ្ជាក់ពីការតាំងចិត្តខ្ពស់ យ៉ាងពេញលេញ ចំពោះការគោរពនូវកិច្ចព្រមព្រៀងនូវបទឈប់បាញ់ ដែលសម្រេចបានតាមរយៈកិច្ចខំប្រឹងប្រែង ពីសំណាក់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនដែលជាសាក្សីយ៉ាងសំខាន់ ហើយបានគាំទ្រពីសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយ និងបានឆ្លុះបញ្ចាំងពីសន្តិភាពនៅក្នុងតំបន់។
ក្នុងឱកាសនោះ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា សភាពការណ៍នៅតាមបន្ទាត់ព្រំដែននៅខេត្តព្រះវិហារ និងខេត្ដឧត្តរមានជ័យគិតត្រឹតម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ គឺមានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងកម្ពុជានៅតែត្រៀមយ៉ាងម៉ឺងម៉ាត់៕