អ៉ីស្រាអែល អះអាងអំពីការសម្លាប់មេបញ្ជាការកំពូលម្នាក់របស់ហាម៉ាសនៅហ្កាហ្សា ក្រោយកងទ័ពខ្លួនរងការវាយប្រហារ

(ហ៊្សេរុយសាឡិម)៖ នាថ្ងៃសៅរ៍ ទី១៣ ខែធ្នូ អ៉ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការកំពូលម្នាក់របស់ក្រុមហាម៉ាស ដែលទទួលបន្ទុកការផលិតសព្វាវុធ នៅតំបន់ហ្កាហ្សា បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក ដែលបណ្តាលឱ្យទាហានអ៉ីស្រាអែលរងរបួស នៅភាគខាងត្បូងហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសអ៉ីស្រាអែល បានលើកឡើងយ៉ាងដូច្នេះថា «ឆ្លើយតបចំពោះការបំផ្ទុះគ្រាប់បែក​របស់ក្រុមហាម៉ាស ដែលបានបណ្តាលឱ្យកងកម្លាំងយើងរងរបួស លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងលោករដ្ឋមន្រ្តី Israel Katz បានចេញបញ្ជាឱ្យសម្លាប់ភេរវករ Raad Saad ដែលជាប្រធានដឹកនាំ​ការផលិតសព្វាវុធរបស់ហាម៉ាស»។

គួរបញ្ជាក់ថា លោក Saad ត្រូវបានអ៉ីស្រាអែលហៅថា​ ជាមេខ្លោងមួយរូបនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៉ីស្រាអែល ដែលបានបង្កឱ្យផ្ទុះសង្រ្គាមនៅហ្កាហ្សា។ កាលពីថ្ងៃសៅរ៍ យោធាអ៉ីស្រាអែល បានអះអាងថា ទាហានបម្រុង២នាក់ បានរងរបួស ក្រោយគ្រឿងផ្ទុះត្រូវបានបំផ្ទុះ អំឡុងប្រតិបត្តិការដើម្បីបោសសម្អាតតំបន់នៅភាគខាងត្បូងហ្កាហ្សា។

ខាងក្រុមហាម៉ាស មិនបានទទួលស្គាល់ការស្លាប់របស់លោក Raad Saad ទេ។ ហាម៉ាសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តស៉ីវិល១គ្រឿង បានរងការវាយប្រហារ នៅជាយទីក្រុងហ្កាហ្សា (Gaza City) ហើយបានចោទថា វាគឺជាការរំលោភបំពាន​បទឈប់បាញ់ដ៏ផុយស្រួយ ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី១០ ខែតុលា៕

អត្ថបទដែលជាប់ទាក់ទង