កម្ពុជា ដំណើរ​ការសេវាទូរសព្ទចល័តជំនាន់ទី៥(5G)ជាផ្លូវការ ចាប់ពីម៉ោងថ្ងៃទី១មករា ឆ្នាំ២០២៦តទៅ

ភ្នំពេញ៖ ចាប់ពីម៉ោង ០០៖០១ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ កម្ពុជានឹងចាប់ផ្តើមដំណើរការជាផ្លូវការ នូវ​​ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងប្រៃស​ ណីយ៍ និងទូរគមនាគមន៍។

បើតាមក្រសួងប្រៃសណីយ៍ សេវាទូរស័ព្ទជំនាន់ទី៥នេះ ជាកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ រួមមានក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ក្នុងការជំរុញសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍ និងបំពាក់ឧបករណ៍ផ្តល់សេវា 5G នៅតាមទីតាំង​ ដែល​បានកំណត់។

អ្នកប្រើប្រាស់សេវាទូរសព្ទចល័តរបស់ប្រតិបត្តិករទាំង៣​ នឹងអាចចាប់ផ្តើមប្រើប្រាស់សេវា 5G បាន ចាប់ពី ម៉ោង ០០:០១ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ នៅដំណាក់កាលដំបូង សេវា 5G នឹងត្រូវដាក់ឱ្យ ប្រើប្រាស់នៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា នៅជំហានបន្តទៅមុខ វិសាលភាពគ្របដណ្តប់នៃសេវា 5G នឹងត្រូវពង្រីកឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅកាន់គ្រប់បណ្តាខេត្តទូទាំងប្រទេស។
ក្រសួងប្រៃសណីយ៍ចាត់ទុក សេវាទូរសព្ទចល័តជំនាន់ទី៥នេះ​ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥។

ក្រៅពីការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន សេវា 5G ក៏អនុញ្ញាតឱ្យមានការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ មានរយៈពេលឆ្លើយតប (Latency) កម្រិតទាប និងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឌីជីថល។ លើសពីនេះទៀត សេវា 5G នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីកម្ពុជា។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវឱ្យសាធារណជនទាំងអស់ ជ្រាប និងចូលរួមទទួលយកបទពិសោធថ្មី នៃការប្រើប្រាស់សេវា 5G ដែលកំពុងចាប់ផ្តើមនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង