លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ដែលប្រព្រឹត្ដទៅនាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល និងសាខាទាំង២៥ ព្រមទាំងប្រធានកិត្តិយស ទីប្រឹក្សា និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ១៦២នាក់។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជសវនីយ៍នៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយ-ចិត្ត-ថវិកា ពេលវេលារបស់ ថ្នាក់ដឹកនាំសាខាទាំង២៥រាជធានីខេត្ត និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលស្ម័គ្រចិត្តចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌នាពេលកន្លងមក។
លោកជំទាវបណ្ឌិតបានថ្លែងថា «ថ្វីត្បិតតែក្នុងឆ្នាំ២០២៥កន្លងទៅ យើងជួបប្រទះនូវជម្លោះតាមព្រំដែនក៏ពិតមែន ក៏ប៉ុន្តែសកម្មភាពមនុស្សធម៌កាន់តែផុសផុលឡើង ដែលបង្ហាញយ៉ាងច្បាស់ថា ខ្មែរយើងមានស្មារតីសាមគ្គីជាតិខ្មែរតែមួយ ដ៏រឹងមាំប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ ក្នុងនោះយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំ ជួយវេចខ្ចប់ គ្រឿងឧបភោគបរិភោគ ចំណាយថវិកាផ្ទាល់ខ្លួន ជាពិសេសគឺកម្លាំងចិត្តដែលជាខឿនការពារជាតិដ៏រឹងមាំ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ក៏ដូចជាជួយសម្រាលការលំបាករបស់គ្រួសារភៀសសឹក គ្រួសារវីរកងទ័ព វីរយុទ្ធជនរបួស និងពលី តាមវប្បធម៌ ប្រពៃណីខ្មែរ «ជួយគ្នា ក្នុងគ្រាក្រ»។
ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ (ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប) និងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាល ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌលសុវត្ថិភាព។ លើសពីនេះលោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសាខានៃបណ្តាខេត្តផ្សេងៗទៀត ដែលបានកៀរគរមូលនិធិ គ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រាលការលំបាកជីវភាពប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ក្នុងបូរណដែនខេត្តរបស់ខ្លួនផងដែរ។
ជាងនេះទៅទៀតលោកជំទាវបណ្ឌិត ក៏បានគាំទ្រចំពោះផែនការរបស់ថ្នាក់កណ្តាល ជាពិសេសគោលគំនិតរបស់ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត ដែលមានទិសដៅពង្រឹងសមត្ថភាពយុវជនកាកបាទក្រហមកម្ពុជា ដែលបច្ចុប្បន្នជាគរុសិស្ស/និស្សិត ដើម្បីបានក្លាយទៅជាកម្លាំងចលករដ៏រឹងមាំរបស់កាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សាដែលខ្លួននឹងបំពេញភារកិច្ចជាលោកគ្រូ/អ្នកគ្រូ និងការបណ្តុះបណ្តាលយុវជនក្នុងភាពជាអ្នកដឹកនាំឱ្យបានកើនទ្វេឡើង។
លោកជំទាវបណ្ឌិតក៏បានអំពាវនាវចំពោះ ប្រធានគណៈកម្មាធិការសាខា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សូមបន្តការជួយជំរុញ និងលើកទឹកចិត្តដល់ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា និងក្លឹបយុវជនក្នុងការអភិវឌ្ឍកម្លាំងយុវជននៅតាមគ្រឹះស្ថានសិក្សា អ្នកស្ម័គ្រចិត្តនៅភូមិ/ឃុំ/សង្កាត់ ដើម្បីជម្នះរាល់ការលំបាក ក្នុងការកសាងបានភាពធន់ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះដែរលោកជំទាវបណ្ឌិត បានផ្តល់នូវទស្សនវិស័យ និងអនុសាសន៍លើទិសដៅការងារបន្ត ដែលចាំបាច់ណាស់ត្រូវមានការចូលរួមគាំទ្រពីគណៈកម្មាធិការសាខា និងគណៈកិត្តិយសក្លឹប គណៈគ្រប់គ្រងតាមគ្រឹះស្ថានសិក្សា លើកិច្ចការសំខាន់ៗ សម្រាប់ការងារយុវជនកាកបាទក្រហមកម្ពុជា ដោយផ្តោតលើ៖ ១) សូមបន្តពង្រឹងគុណភាព និងស្តង់ដាក្លឹបយុវជន, ២)លើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំនាញសតវត្សទី២១, ៣) ពង្រីក និងធានានិរន្តភាពសកម្មភាព «មិត្ត-ជួយ-មិត្ត» និង «មិត្ត-អប់រំ-មិត្ត», ៤) បន្ត និងបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថល, ៥) បង្កើនការលើកទឹកចិត្ត និងការទទួលស្គាល់ស្នាដៃការងារយុវជនស្ម័គ្រចិត្ត, និង៦) ត្រូវពង្រឹងការអនុវត្តអនុស្សរណៈយោគយល់រវាងកាកបាទក្រហមកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តឱ្យបានទៀងទាត់។
ដោយឡែកសម្រាប់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សូមបន្តពង្រឹងប្រព័ន្ធអភិបាល និងការគ្រប់គ្រងអ្នកស្ម័គ្រចិត្ត, ពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ដោយផ្តោតជាសំខាន់លើការបន្តបណ្តុះបណ្តាលទៅតាមជំនាញថ្មីៗ, ធានានិរន្តភាព និងគុណភាពសកម្មភាពនៅមូលដ្ឋាន ដោយមានរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ភូមិ/ឃុំ, ពង្រឹងប្រព័ន្ធលើកទឹកចិត្ត និងសុខុមាលភាពអ្នកស្ម័គ្រចិត្ត, និងបង្កើនការប្រើប្រាស់ទិន្នន័យ និងការរាយការណ៍ ដែលទាមទារឱ្យមានបណ្តុះបណ្តាលលើការរាយការណ៍សកម្មភាព ដោយប្រើប្រព័ន្ធឌីជីថលក្នុងការតាមដានអ្នកស្ម័គ្រចិត្ត និងលើកកម្ពស់ការប្រើទិន្នន័យសម្រាប់កំណត់តំបន់អាទិភាព និងក្រុមងាយរងគ្រោះ៕
