អ៊ុយក្រែនចាប់​ដៃ​ជាមួយ​បណ្តាប្រទេសឈូងសមុទ្រ ដើម្បីបង្កើត «មហាអំណាចដ្រូន»

ក្នុងជំហាននយោបាយដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើលមួយ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានឈានដល់កិច្ចព្រមព្រៀងការពារជាតិរយៈពេល១០​ឆ្នាំ ជាមួយប្រទេសធំៗនៅតំបន់ឈូងសមុទ្រ រួមមាន កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

តាម France24 ចុះផ្សាយ​ថ្ងៃទី​២៨​ខែ​មីនា​ឆ្នាំ​២០២៦ កិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ មិនមែនត្រឹមតែជាការទិញលក់អាវុធធម្មតានោះទេ ប៉ុន្តែគឺជាការសហការគ្នាយ៉ាងស៊ីជម្រៅក្នុងការបង្កើតរោងចក្រផលិតអាវុធ និងដ្រូន (Drone) នៅលើទឹកដីអ៊ុយក្រែនផង និងនៅតំបន់មជ្ឈិមបូព៌ាផង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីដ្រូនរបស់ប្រទេសអ៊ីរ៉ង់ដែលកំពុងកើនឡើងក្នុងតំបន់នោះ។

អ៊ុយក្រែនកំពុងប្រើប្រាស់មេរៀនសមរភូមិ ដែលខ្លួនធ្លាប់ឆ្លងកាត់ជាមួយអាវុធរុស្ស៊ី មកធ្វើជាទុនដើម្បីក្លាយខ្លួនជាមជ្ឈមណ្ឌលផលិតដ្រូនឈានមុខគេលើពិភពលោក។ លោក Zelensky បានសង្កត់ធ្ងន់ថា នៅពេលនេះគ្មានប្រទេសណាផ្សេងដែលមានជំនាញជាក់ស្តែងក្នុងការកម្ទេចដ្រូនសត្រូវខ្លាំងជាងអ៊ុយក្រែននោះទេ ខណៈដែលមេបញ្ជាការដ្រូនអ៊ុយក្រែនម្នាក់បានបង្ហើបថា ទាំងបស្ចិមលោក និងមជ្ឈិមបូព៌ា សុទ្ធតែមិនទាន់មានការត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់សង្គ្រាមបច្ចេកវិទ្យាបែបនេះនៅឡើយ។ ដូច្នេះហើយ ទើបអ៊ុយក្រែនសម្រេចចិត្តបញ្ជូនអ្នកជំនាញផ្ទាល់ទៅជួយការពារដៃគូថ្មីរបស់ខ្លួន ដើម្បីជាថ្នូរនឹងការវិនិយោគ និងបច្ចេកវិទ្យា។

ក្រៅពីការផលិត អ៊ុយក្រែនមានបំណងផ្លាស់ប្តូរឧបករណ៍ស្ទាក់ចាប់បច្ចេកវិទ្យាខ្ពស់របស់ខ្លួន ជាមួយនឹងមីស៊ីលការពារអាកាសដែលមានតម្លៃថ្លៃ ដូចជាប្រព័ន្ធ Patriot ដែលបណ្តាប្រទេសឈូងសមុទ្រកំពុងមាន។ ប្រធានាធិបតី Zelensky បានសង្កត់ធ្ងន់ថា កិច្ចសន្យារយៈពេលវែងទាំងនេះនឹងផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគី ដោយធានាថាអ្នកនាំចេញអ៊ុយក្រែននឹងទទួលបានចំណូល «រាប់ពាន់លាន» ខណៈពេលដែលរក្សាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ទាហានអ៊ុយក្រែន។ លោកបានបញ្ជាក់ថា «ថ្ងៃនេះ អ៊ុយក្រែនមិនត្រឹមតែត្រូវការជំនួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់អ្នកដែលគាំទ្រយើងផងដែរ»៕

អត្ថបទដែលជាប់ទាក់ទង