រុស្ស៉ី ថានឹងជួយដល់អាស៊ាន ក្នុងការដោះស្រាយវិបត្តិប្រេង ដែលបង្កឡើងដោយសារតែសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា
(ម៉ានីល)៖ ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergey Lavrov បានប្រាប់បេសកជនមកពីសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) អំពីការត្រៀមខ្លួនរបស់រុស្ស៉ី ដើម្បីជួយដល់ប្លុកដែលមានសមាជិក ១១ប្រទេស ក្នុងការដោះស្រាយវិបត្តិប្រេង ដែលបង្កឡើងដោយសារតែសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយកាសែតThe Manila Times ផ្អែកលើប្រភពពីស្ថានទូតហ្វីលីពីនប្រចាំប្រទេសរុស្ស៉ី។
ស្ថានទូតហ្វីលីពីនប្រចាំប្រទេសរុស្ស៉ី បានចែករំលែកព័ត៌មាននេះ បន្ទាប់ពីកិច្ចប្រជុំរវាងលោក Lavrov ជាមួយបេសកជនអាស៊ាន ដែលដឹកនាំដោយឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងមូស្គូ លោក Igor Bailen។
ក្នុងឱកាសនោះ លោក Lavrov បានផ្លាស់ប្តូរទស្សនៈជាមួយបណ្តាឯកអគ្គរដ្ឋទូត ស្តីពីការវិវត្តនៅមជ្ឈិមបូព៌ា និងបានបង្ហាញពីគោលជំហររបស់រុស្ស៉ី ជាមួយកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយ។ លោក Lavrov ក៏បានធានាថា រុស្ស៉ីនឹងជួយដល់ប្រទេសអាស៊ាន ជុំវិញតម្រូវការថាមពលបន្ទាន់ រួមទាំងប្រេងផងដែរ។
គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ បានឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ចាប់តាំងពីផ្ទុះសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ នាំឱ្យច្រកសមុទ្រ Hormuz ស្ទើរតែត្រូវបានបិទខ្ទប់ទាំងស្រុង។ ហ្វីលីពីន ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ ទើបទទួលបានប្រេងឆៅដែលទិញពីរុស្ស៉ីជិត ២.៥លានបារ៉ែល កាលពីថ្ងៃចន្ទ៕
