នគរបាលរាជធានី សម្រេចឃាត់ខ្លួនលោក K01 បញ្ជូនទៅតុលាការពាក់ព័ន្ធករណីហិង្សាលើយុវជនម្នាក់
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានសម្រេចឃាត់ខ្លួនលោក ឃឿន សុឡា ហៅ K01 កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីហិង្សាលើយុវជនម្នាក់។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីលោក ឃឿន សុឡា ហៅ K01 បានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ច ក្រោយពីមានការចែករំលែកវីដេអូលើបណ្ដាញសង្គមពីសកម្មភាពប្រើអំពើហិង្សាលើយុវជនម្នាក់នៅកន្លែងរបស់ខ្លួនដែលម្ដាយជនរងគ្រោះយកមកផ្ញើឲ្យធ្វើការជាមួយ។
ក្រោយការសាកសួរ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ដោយសារយុវជនរងគ្រោះមិនស្តាប់បង្គាប់ខ្លួនឲ្យលុតជង្គង់សុំទោសម្តាយដែលរឹងរុសមិនស្តាប់បង្គាប់ម្តាយ។ ក្រោយមានការបែកធ្លាយវីដេអូសកម្មភាពហិង្សាលើយុវជនរងគ្រោះ មហាជនជាច្រើនបានបញ្ចេញមតិរិះគន់លោក K01 ចំពោះទង្វើហិង្សានេះ។
សូមជ្រាបថា លោក ឃឿន សុឡា ហៅ K01 បច្ចុប្បន្នរស់នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ប្រកបមុខរបរសេវាកម្មលក់អចលនទ្រព្យ និងលក់រថយន្ត។ លោក K01 កាលពីពេលកន្លងទៅក៏ធ្លាប់ប្រព្រឹត្តកំហុសខុសឆ្គងម្ដងជាពីរដង ហើយធ្លាប់បង្កើតព្រឹត្តិការណ៍បង្កចលាចលក្នុងសង្គមផងដែរ ដូចជារដូវកាលកូវីដជាដើម៕

