អ្នករត់ម៉ូតូកង់បី ដែលត្រូវម្ចាស់ហាងថែសម្ផស្ស«អិន ១៦៨ ប៊ីយូធី និង ស្ប៉ា» ធាក់ដាច់ផ្ញារបោកក្បាលរបួសធ្ងន់ ពេលនេះបានស្លាប់បាត់បង់ជីវិតហើយ

ម្ចាស់ហាងមជ្ឈមណ្ឌល ថែសម្ផស្ស «អិន ១៦៨ ប៊ីយូធី និង ស្ប៉ា» ប្រើហិង្សា ដោយធាក់បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ដាច់ផ្ងារទៅក្រោយ បោកក្បាល រងរបួសធ្ងន់ ពេលនេះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។

ជនរងគ្រោះឈ្មោះ ឈៀង សុវណ្ណា ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលលេខ ៧ ផ្លូវលេខ ៣០៤ សង្កាត់បឹងកេងកងទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ តាន់ ប៊ុនថា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរជាម្ចាស់ហាងមជ្ឈមណ្ឌល ថែសម្ផស្ស អិន ១៦៨ ប៊ីយូធី និង ស្ប៉ា មានទីលំនៅផ្ទះជួលលេខ ៧៥ E០ ផ្លូវលេខ ៣១០ ក្រុមទី ១៧ ភូមិទី ២ សង្កាត់បឹងកេងកងទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នគរបាល បានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ជនរងគ្រោះ និង ជនសង្ស័យ បានឈ្លោះប្រកែកគ្នា ដោយសារតែរឿងអ្នករត់ម៉ូតូកង់បីបានចតនៅខាងមុខផ្ទះជនសង្ស័យ ដែលធ្វើឲ្យជនសង្ស័យចូលរថយន្តមិនរួច ទើបបង្កជាហិង្សា លោតធាក់ជនរងគ្រោះដាច់ផ្ងាររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអង្គឌួង។

នគរបាល បន្តថា ដោយសារស្ថានភាពធ្ងន់ធ្ងរខ្លាំងពេក គ្រូពេទ្យ មិនអាចសង្គ្រោះជនរងគ្រោះបានឡើយ។ រហូតដល់វេលាម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៦ ទើបក្រុមគ្រួសារ សុំយកជនរងគ្រោះចេញមកផ្ទះវិញ ហើយបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្តង។

នគរបាលជំនាញ ក៏បានបញ្ជាក់ថា គ្រូពេទ្យកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យសពរួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង