ទីបំផុត តុលាការកំពូលអាមេរិក លុប​ចោល បទបញ្ជារបស់ ត្រាំ ដែលចង់បញ្ចប់ «សិទ្ធិទទួលបានសញ្ជាតិ ពីកំណើត»

ទីបំផុត តុលាការកំពូលអាមេរិក បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្រ្ត លុបចោលបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានបំណង បញ្ចប់សិទ្ធិទទួលបានសញ្ជាតិពីកំណើត។

លោក ដូណាល់ ត្រាំ

នៅថ្ងៃដំបូង នៃការចូលកាន់តំណែងអាណត្តិទី២ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកត្រាំ បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ រារាំងកុំឲ្យទីភ្នាក់ងាររដ្ឋាភិបាល ផ្តល់សញ្ជាតិដល់កូនជនអន្តោប្រវេសន៍ខុសច្បាប់ ឬអ្នកកាន់ទិដ្ឋាការបណ្តោះអាសន្ន ប៉ុន្តែបទបញ្ជានេះ ត្រូវបានរារាំងដោយតុលាការថ្នាក់ក្រោមរហូតមក និងមិនដែលបានអនុវត្តឡើយ។

យ៉ាងណា មកដល់ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ តុលាការអាមេរិក បានធ្វើការសម្រេចចិត្ត ក្នុងសំឡេង ៦ ទល់នឹង ៣ លុបចោលបទបញ្ជានោះ ខណៈប្រធានចៅក្រម John Roberts បញ្ជាក់ថា កុមារដែលកើតនៅលើទឹកដីអាមេរិក គឺស្ថិតក្រោមយុត្តាធិការ របស់អាមេរិក និងទទួលបានសញ្ជាតិពីកំណើត ស្របតាម វិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញ។

ឥឡូវ តាមការផ្សាយរបស់ BBC, បញ្ជាប្រតិបត្តិនោះ ត្រូវបានចាត់ទុកជាមោឃៈទាំងស្រុង ដូច្នេះបណ្តារដ្ឋនានា នឹងបន្តចេញសំបុត្រកំណើត ហើយសំបុត្រកំណើតស្តង់ដារបស់អាមេរិក នៅតែជាព័ស្តុតាងច្បាស់លាស់ ក្នុងការបញ្ជាក់ពីសញ្ជាតិអាមេរិក។

ជុំវិញរឿងនេះ ក្រុមអ្នកតស៊ូមតិ រួមទាំងសហភាពសេរីភាពស៊ីវិលអាមេរិក (ACLU) ដែលជាអ្នកឡើងការពារក្តី ក្នុងសំណុំរឿងនេះ បានសាទរសាលក្រមនេះ ថាជាជ័យជម្នះសម្រាប់សិទ្ធិមនុស្ស។

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំ ហាក់ខឹងសម្បា ដោយចេញសារលើបណ្តាញសង្គម Truth Social ភ្លាមៗ ហៅសាលក្រមនេះថាជា៖ «រឿងដ៏អាក្រក់បំផុត សម្រាប់សហរដ្ឋអាមេរិក»។

លោក ដូណាល់ ត្រាំ

យោងតាមការស្រាវជ្រាវ, សេចក្តីសម្រេចនេះ ជួយការពារទារកប្រហែល ២៥៥ ០០០ នាក់ ដែលកើតនៅសហរដ្ឋអាមេរិករៀងរាល់ឆ្នាំ ដែលបើពុំនោះសោតទេ ពួកគេនឹងត្រូវក្លាយជាជនគ្មានសញ្ជាតិ ឬជាជនអន្តោប្រវេសន៍គ្មានច្បាប់ទម្លាប់ ក្រោមបទបញ្ជារបស់លោក ត្រាំ ហើយ។

សូមជម្រាបថា សហរដ្ឋអាមេរិក បានផ្តល់សញ្ជាតិដល់គ្រប់គ្នា ដែលកើតលើទឹកដីរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៨៦៨មក ដោយសិទ្ធិនេះ ត្រូវបានចាក់គ្រឹះយ៉ាងមាំ នៅក្នុងវិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក និងត្រូវបានគាំទ្របន្ថែម ដោយសេចក្តីសម្រេចជាបន្តបន្ទាប់ របស់តុលាការកំពូល។

វិសោធនកម្មទី១៤ ដែលត្រូវបានអនុម័តឡើង ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលអាមេរិក និងដើមឡើយមានបំណង ផ្តល់សិទ្ធិដល់ទាសករ ដែលទើបតែទទួលបានសេរីភាពនោះ មានខ្លឹមសារចែងថា៖ «រាល់បុគ្គលទាំងឡាយណាដែលកើត ឬចូលសញ្ជាតិ និងស្ថិតក្រោមយុត្តាធិការនៃទីនោះ គឺជាប្រជាពលរដ្ឋនៃសហរដ្ឋអាមេរិក»៕

អត្ថបទដែលជាប់ទាក់ទង