អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបករណីគ្រឿងញៀនលើដងទន្លេមេគង្គ ដកហូតថ្នាំញៀនជាង៣៧គីឡូក្រាម
កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៧៤៧ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅលើដងទន្លមេគង្គ ដកហូតបានថ្នាំញៀនជាង៣៧គីឡូក្រាម ខណៈជនសង្ស័យបានគេចខ្លួនបាត់។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាង៣០គីឡូកា្រមនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២១និង២០នាទីយប់ ស្ថិតនៅទន្លេមេគង្គ ចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice (ទឹកកក) ចំនួន ៣៧កញ្ចប់ ស្មើនឹងទម្ងន់ ៣៧៧១១.៧ ក្រាម (ថ្លឹងទាំងសម្បកថង់)
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕






