ចិន ព្រមានអាមេរិក៖ តែ​ហ៊ាន​ដើរ​ខុសបន្តិចរឿងកោះ​តៃវ៉ាន់ ទំនាក់ទំនងប្រទេសទាំងពីរ អាច​រង្គោះរង្គើ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានផ្ញើសារព្រមានយ៉ាងខ្លាំងក្លា​ទៅកាន់សហរដ្ឋអាមេរិក ដោយជំរុញ​ឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ជាមួយ «ការប្រុងប្រយ័ត្នជាទីបំផុត»។

លោក វ៉ាង យី និងលោក ម៉ាកូ រូប៊ីយ៉ូ 

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៦ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទមួយ កាលពីចុងខែមិថុនា កន្លងទៅ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ។

នៅក្នុងឱកាសនោះ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់ គឺជាចំណុចដ៏សែនប្រទាំង​ប្រទើស​បំផុត ដែលរាល់ការផ្លាស់ប្តូរ ឬការខុសឆ្គងបន្តិចបន្តួចណាមួយ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពទូទៅទាំងមូល​ដែរ។ ហេតុ​នេះ​ទើបលោកយល់ថា ទាំងប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែសហការគ្នា ដើម្បីគ្រប់គ្រងរាល់ហានិភ័យទាំងឡាយ ដែលអាចកើតមានឡើង។

ថ្វីដ្បិត​តែបែប​នេះក្ដី នៅក្នុងជំនួបតាមទូរសព្ទ​ដដែល​នោះ លោក វ៉ាង យី បានសម្តែងបំណងចង់ឱ្យអាមេរិក និងចិន រួមគ្នាបង្កើតទំនាក់ទំនងមួយប្រកបដោយលក្ខណៈស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រ។ លោកបានបន្ថែមថា ភាគីទាំងពីរគួរតែលុបបំបាត់រាល់ការរំខាន ជម្នះរាល់ឧបសគ្គ និងបន្តដើរទៅមុខយ៉ាងរឹងមាំលើផ្លូវដ៏ត្រឹមត្រូវមួយ។ ជាចុងក្រោយ ក្រសួងការបរទេសចិន បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នានឹងបន្តរក្សាទំនាក់ទំនងគ្នាយ៉ាងជិតដិត និងមានភាពបត់បែនទៅតាមកាលៈទេសៈជាក់ស្តែងជាបន្តទៀត។

សូម​ជម្រាប​ថា កិច្ចពិភាក្សានេះ បានធ្វើឡើង បន្ទាប់ពីជំនួបកំពូលកាលពីពាក់កណ្តាលខែឧសភា រវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង ដែលកាលនោះ លោក ស៊ី ជិនពីង ក៏បានព្រមានចំៗរួចមកហើយថា ការដោះស្រាយមិនបានដិតដល់លើរឿងតៃវ៉ាន់ អាចរុញច្រានទំនាក់ទំនងចិន-អាមេរិកឱ្យធ្លាក់ចូលទៅក្នុង «ស្ថានភាពដ៏គ្រោះថ្នាក់បំផុត»។

ជាយូរមកហើយ រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ដែលដឹកនាំតាមបែបប្រជាធិបតេយ្យនោះ ថាជាទឹកដីរបស់ខ្លួន ហើយចិនមិនដែលបដិសេធ ក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងកោះនេះឡើយ ប្រសិន​បើចាំបាច់។ ផ្ទុយទៅវិញ ខាងភាគីតៃវ៉ាន់ បានទាត់ចោលការទាមទាររបស់ចិន ចំណែកឯសហរដ្ឋអាមេរិកវិញ ក៏មានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការផ្តល់មធ្យោបាយផ្សេងៗ ដើម្បីជួយតៃវ៉ាន់ការពារខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង