ទឹកស្ទឹងប៉ៃលិន ហក់ឡើងដល់កម្ពស់ប្រុងប្រយ័ត្ន! អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្ន
ភ្នំពេញ៖ ទឹកនៅតាមដងស្ទឹងប៉ៃលិន និងតាមអូរនានាក្នុងខេត្តប៉ៃលិន បានហក់ឡើងដល់កម្ពស់ ២ម៉ែត្រ ដែលជាកម្រិតត្រូវប្រុងប្រយ័ត្ន គិតត្រឹមម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែកក្កដានេះ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ព្រមានថា ស្ថានភាពនេះអាចបង្កឱ្យមានជំនន់ទឹកភ្លាមៗតាមដងស្ទឹង ។ ទន្ទឹមនឹងការព្រមានដូច្នេះ មន្ទីរធនធានទឹកខេត្តប៉ៃលិន បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរ និងតំបន់ទំនាប បង្កើនការប្រុងប្រយ័ត្នខ្ពស់។
បើតាមវីដេអូខ្លីលើហ្វេសប៊ុករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន កម្ពស់ទឹកស្ទឹងបានហក់ឡើងដល់ ២ម៉ែត្រ ដែលជាកម្រិតប្រុងប្រយ័ត្ន។ អាជ្ញាធរ បញ្ជាក់ថា កម្ពស់ទឹកបានកើនឡើងក្នុងរយៈពេលខ្លី បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតំបន់ភ្នំ និងតាមខេត្តប៉ៃលិន ដែលធ្វើឱ្យបរិមាណទឹកហូរចុះមកដងស្ទឹងកើនឡើងយ៉ាងឆាប់រហ័ស។
ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមាន អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋ តាមដានព័ត៌មាន និងសេចក្ដីជូនដំណឹងពីស្ថាប័នជំនាញជាប្រចាំ ព្រមទាំងជៀសវាងការឆ្លងកាត់តំបន់លិចទឹក ឬតំបន់ដែលមានចរន្តទឹកហូរខ្លាំង។ សូមជម្រាបថា កម្ពុជា បន្តរងឥទ្ធិពលពីព្យុះ«ម៉ៃស័ក» និងព្យុះ«បាវី» ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេស រហូតដល់ថ្ងៃទី១២ ខែកក្កដា។
ចំពោះខេត្តប៉ៃលិន មន្ទីរធនធានទឹកបានជូនដំណឹងពីការបន្តធ្លាក់ភ្លៀង ដែលអាចកើតមានរហូតដល់ថ្ងៃទី៧ ខែកក្កដា ដោយសារឥទ្ធិពលព្យុះ«ម៉ៃស័ក»៕
