កម្លាំងសមត្ថកិច្ចចម្រុះ បន្តបោសសម្អាតទីតាំងឆបោកអនឡាញ ៤កន្លែង ក្នុងក្រុងសិរីសោភ័ណ រកឃើញជនបរទេសជាច្រើន

កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា លោក លី សុវណ្ណរិទ្ធ និងឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី ប្រធានគណ:បញ្ជាការឯកភាពខេត្ត និង ជាអភិបាលខេត្តបន្ទាយមានជ័យ និងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីកម្លាំងជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងកងរាជអាវុធហត្ថខេត្ត និងអធិការដ្ឋាននគរបាលក្រុងសីរិសោភ័ណ ដោយមានការចូលរួមអង្កេតការពីក្រុមការងារចម្រុះ នៃលេខាធិការដ្ឋាន គ.ប.ឆ.ប ក្រោមការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ និងលោក គង់ រតនាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងែទី៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៤ល្ងាច បានចុះត្រួតពិនិត្យជាក់ស្តែង ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ្ឌបានបង្ហាញឲ្យដឹងថា ៖ ក្នុងរង្វង់កិច្ចប្រតិបត្តិការនេះ ទីតាំងទី១-នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញមនុស្ស១២៩ នាក់ ក្នុងនោះមាន ឥណ្ឌូនេស៊ី ១២២ នាក់ ស្រី ៣០នាក់ ចិន ៣ នាក់ និងខ្មែរ ៤នាក់ ប្រុស ។ វត្ថុតាងចាប់យកមាន៖ ១. កុំព្យូទ័រ all in one ចំនួន ១៥០គ្រឿង, ២. ទូរស័ព្ទដៃចំនួន ២២០គ្រឿង ។ ក្នុងនោះ វត្ថុតាងចាប់យកមាន កុំព្យូទ័រ all in one ចំនួន១០គ្រឿង ប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើកោសល្យវិច័យ ក្រៅពីនេះវត្ថុតាង ទាំងអស់ យកទៅរក្សាទុកនៅឃ្លាំងរបស់សាលាខេត្ត ហើយទីតាំង ត្រូវបានបិទជាបណ្តោះអាសន្ន(Seal Off) ។

ចំពោះជនបរទេសទាំងអស់ បញ្ជូនទៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ដើម្បីបន្តនីតិវិធី។ ទីតាំងទី២ ទីតាំងផ្ទះ ក្នុងបរិវេណផ្សារចិនខ្មៅ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញជនបរទេស ៣១នាក់ (ខ្មែរ២នាក់) រួមជាមួយសម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួន ។ ម្ចាស់ទីតាំងទាំង២ មានឈ្មោះ លឹម ម៉ៅ ហៅ សៀងហៃ ភេទប្រុស អាយុ៤៩ឆ្នាំ កំពុងស្រាវជ្រាវតាមរកចាប់ខ្លួន ។ ទីតាំងទី៣ ផ្ទះជួល ម្តុំហ្គោលថោន ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានជនបរទេស៤ នាក់ បញ្ជូនទៅមណ្ឌលកងវ៉ា ដើម្បីបន្តនីតិវិធី។

នៅថ្ងៃដដែលនេះផងដែរ តាមរបាយការណ៍របស់អធិការដ្ឋានក្រុងសិរីសោភ័ណ្ឌបានបន្តថា ៖ កម្លាំងសមត្ថកិច្ចចម្រុះបានបន្តចុះត្រួតពិនិត្យលើទីតាំងមួយកន្លែងទៀតនៅ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយក្នុងរង្វង់ប្រតិបរ្រិការសមត្ដកិច្ចរកឃើញមនុស្ស២៦នាក់ ក្នុងនោះមានជនជាតិចិន ២៥ ជនជាតិមីយ៉ាន់ម៉ា ០១នាក់។ វត្ថុតាងចាប់យកមាន ៖ ១. កុំព្យូទ័រ all in one ចំនួន ៤៦គ្រឿង, ២. ទូរស័ព្ទដៃចំនួនចំរុះ ១៧៤គ្រឿង។ ក្នុងនោះវត្ថុតាងចាប់យកមាន៖ កុំព្យូទ័រ all in one ចំនួន០៦គ្រឿង Lap top ០១គ្រឿង បានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើកោសល្យវិច័យ ក្រៅពីនោះ យកទៅរក្សាទុកក្នុងឃ្លាំងរបស់សាលាខេត្ត ។

ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ចចម្រុះបានបិទទីតាំងដែលពាក់ព័ន្ធនោះជាបណ្តោះអាសន្ន (Seal Off) ចំពោះជនបរទេសទាំងអស់ បញ្ជូនទៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង