អាជ្ញាធរតួកគី ​​ចាប់ឃាត់ខ្លួន​មនុស្សជាង ១០០នាក់ដែល​ធ្វើ​បាតុកម្មប្រឆាំងណាតូ មុនកិច្ចប្រជុំ​កំពូល​​​ណាតូ​​

គណបក្សកុម្មុយនីស្តតួកគី (TKP) ​​ដែលរៀបចំ​ធ្វើបាតុកម្ម​ប្រឆាំង​អង្គការ​ណាតូ​ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ ទី៥ ខែកក្កដា ថា អាជ្ញាធរតួកគី បាន​ចាប់​ឃាត់ខ្លួនមនុស្សជាង ១០០នាក់ ដែលបានចូលរួមក្នុងក្បួនដង្ហែបាតុកម្ម នៅមុន​កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពយោធាមួយនេះ​ ដែល​​នឹង​ចាប់ផ្តើមនៅក្នុង​ទីក្រុងអង់ការ៉ា (Ankara) ​នៅ​សប្តាហ៍​នេះ​​។

យោង​​សារព័ត៌មាន Reuters​ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្ស TKP បានឲ្យដឹងថា ខ្លួនបានរៀបចំក្បួនដង្ហែបាតុកម្មនៅទីលាន Kizilay កណ្តាលទីក្រុងអង់ការ៉ានៃ​ប្រទេស​តួកគី​​ ដោយសមាជិកបក្សជាង ១០០នាក់ រួមទាំងថ្នាក់ដឹកនាំផងនោះ ត្រូវបានឃាត់ខ្លួន។ សកម្មភាពនៅក្នុងវីដេអូ បានបង្ហាញពីក្រុមបាតុករគ្រវីទង់ជាតិ និងស្រែកខ្លាំងៗនូវពាក្យស្លោកនានា រួមមាន « ណាតូជាឃាតក ចេញពីប្រទេសយើងទៅ» និង «មិនផ្តល់ផ្លូវឲ្យណាតូឡើយ» ខណៈដែលប៉ូលិសបង្ក្រាបកុបកម្មបានលូកដៃជ្រៀតជ្រែក ដោយប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។

នៅក្នុងបាតុកម្មដាច់ដោយឡែកមួយទៀត ដែលរៀបចំដោយគណបក្ស TKP ដែរនោះ មនុស្សរាប់រយនាក់បានដើរក្បួនពីទីលាន Taksim ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ទៅកាន់តំបន់ Dolmabahce។ ក្រៅពីនេះ ក៏មានបាតុកម្ម​ដាច់ដោយឡែកចំនួនពីរផ្សេងទៀត ដែលរៀបចំឡើងដោយក្រុមឆ្វេងនិយមនៅក្នុងស្រុក Kadikoy ផងដែរ។ ទោះបីជាមានវត្តមានប៉ូលិសយ៉ាងច្រើនកុះករក៏ដោយ ក៏មិនមានការប៉ះទង្គិចគ្នាណាមួយកើតឡើងអំឡុងពេលធ្វើបាតុកម្មនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនោះទេ។

អគ្គលេខាធិការគណបក្ស TKP លោក Kemal Okuyan បាននិយាយថា «យើងបានជួបជុំគ្នានៅថ្ងៃនេះក្នុងតំបន់ជាច្រើននៃប្រទេសតួកគី ដើម្បីតវ៉ាប្រឆាំងនឹងណាតូ។ យើងបាននិយាយថា យើងនឹងមិនប្រគល់ទីក្រុង​អង់ការ៉ាទៅឲ្យអ្នកគាំទ្រណាតូឡើយ ហើយយើងនឹងមិនបណ្តោយឲ្យទីក្រុងអង់ការ៉ានៅស្ងៀមនោះទេ។ យើងបានសម្រេចការសន្យានោះហើយ»។

ទោះជាយ៉ាងណា រដ្ឋាភិបាលមិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗ ជុំវិញការធ្វើបាតុកម្ម ឬការឃាត់ខ្លួនទាំងនេះនៅឡើយទេ។

កាលពីខែមុន អាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន ១០៣នាក់ ដែលជាផ្នែកមួយនៃការវាយឆ្មក់ប្រឆាំងនឹងភេរវកម្មនៅក្នុងទីក្រុងអង់ការ៉ា ដែលនៅក្នុងនោះមនុស្សសរុបចំនួន ២២៥នាក់ត្រូវបានឃាត់ខ្លួន។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្ស ៣៩នាក់ផ្សេងទៀត រួមមានអ្នកសារព័ត៌មានមកពីស្ថាប័នឯករាជ្យ សកម្មជន និងអ្នកសិក្សាស្រាវជ្រាវ ត្រូវបានឃាត់ខ្លួនក្នុងការវាយឆ្មក់ប្រឆាំងនឹងភេរវកម្មនៅទូទាំងប្រទេស។

សូមជម្រាបជូនថា តួកគីនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍បណ្តាមេដឹកនាំមកពីប្រទេសជាសមាជិកទាំង ៣២ ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីដៃគូរបស់ណាតូ នៅក្នុងទីក្រុងអង់ការ៉ា សម្រាប់កិច្ចប្រជុំកំពូលមួយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ និងថ្ងៃពុធខាងមុខ។ ជាក់ស្ដែង អាជ្ញាធរបានបង្កើនវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងនៅទូទាំងរដ្ឋធានីរបស់តួកគី មុនពេលជំនួបនេះចាប់ផ្តើម ដោយក្នុងនោះមានការហាមឃាត់ការធ្វើបាតុកម្ម ការដាក់រនាំងបិទផ្នែកធំៗនៃទីក្រុង និងការបិទផ្លូវថ្នល់នានា៕

អត្ថបទដែលជាប់ទាក់ទង